ព័ត៌មានទាន់ហេតុការណ៍៖

បើកការដ្ឋានជួសជុលផ្លូវបេតុងឆ្អឹងដែក២ខ្សែក្នុងសង្កាត់គីឡូម៉ែត្រលេខ៦

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ លោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌ រួមជាមួយនឹងភរិយា និងមន្ត្រីក្រោមឱវាទជាច្រើនរូប ដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានរៀបចំពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងឆ្អឹងដែកចំនួន២ខ្សែ ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ពិធីបើកការដ្ឋានជួសជុលស្ថាបនាផ្លូវបេតុងឆ្អឹងដែកខាងលើនេះ ជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់ខណ្ឌ និងសង្កាត់ក្នុងឆ្នាំ២០១៦ ដែលស្ថិតនៅក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ដែលមានការចូលរួមពីម្ចាស់ក្រុមហ៊ុនបានដេញថ្លៃរួចរាល់ហើយកន្លងមក ។

ផ្លូវខ្សែទី១ ចាប់ពីចំណុចផ្លូវរថភ្លើងឆ្ពោះទៅដល់វត្តទួលអស់លោក ដែលមានបណ្តោយ២៤០ម៉ែត្រគុណនឹងទទឹង៦ម៉ែត្រ ចំណាយថវិកាអស់៦០,៧៦០ដុល្លារ ស្មើនឹងតម្លៃមាស១៦ដំឡឹង ។ ខ្សែទី២ ចាប់ពីច្រកចូលផ្សារឆេកូ ដល់ផ្លូវរថភ្លើងប្រវែង៣៧៥ម៉ែត្រគុណនឹងទទឹង៦ម៉ែត្រ ចំណាយអស់ថវិកាចំនួន៩៤,៩៣៩ដុល្លារ ស្មើនឹងមាស២៣គីឡូក្រាម ហើយក្នុងនោះក៏មានការស្ថាបនាប្រព័ន្ធលូមួយខ្សែផងដែរ ។

ផ្លូវដែលអាជ្ញាធរខណ្ឌឫស្សីកែវបានបើកការដ្ឋានស្ថាបនាជួសជុលនាពេលនេះ កាលពីពេលកន្លងមកបានរងការខូចខាតស្ទើរទាំងស្រុង ដោយសារតែការដឹកលើសទម្ងន់ ជាពិសេសរថយន្តដឹកខ្សាច់ដឹកដី និងរថយន្តធំៗ ។

លោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវបានថ្លែងទៅកាន់ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីបើកការដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌសង្កាត់សម្រាប់ឆ្នាំ២០១៦នេះ មានសេចក្តីសោមនស្សរីករាយក្រៃលែង ហើយតាំងនាមលោកជាអាជ្ញាធរ បានអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការអភិវឌ្ឍប្រទេសជាតិ ។

លោកបានបញ្ជាក់ថា នៅថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឲ្យឃើញនូវការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺមានសន្តិភាព មានការអភិវឌ្ឍនូវអគារខ្ពស់ៗ ស្ពាន ផ្លូវជាតិ ស្ពានអាកាស និងស្ពានឆ្លងទន្លេមានការរីកចម្រើនទូទាំងប្រទេស និងក្នុងរាជធានីភ្នំពេញ ។ ដោយឡែកសម្រាប់ខណ្ឌឫស្សីកែវ ក៏មានការអភិវឌ្ឍយ៉ាងច្រើនគ្រប់សង្កាត់ ទន្ទឹងនឹងនេះមានផ្លូវបេតុង លូរំដោះទឹកខ្វាត់ខ្វែងជារៀងរាល់ឆ្នាំ ដោយប្រើប្រាស់កញ្ចប់ថវិការបស់សាលាសង្កាត់ និងរដ្ឋបាលខណ្ឌ ដើម្បីបញ្ចៀសនូវការលិចលង់ និងការស្ថាបនាផ្លូវ សម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល ។

ក្នុងនាមលោកជាអភិបាលខណ្ឌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសាលារាជធានីភ្នំពេញ ដែលបានផ្តល់កញ្ចប់ថវិកាមូលនិធិអភិវឌ្ឍន៍ខណ្ឌ ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍ មូលដ្ឋានក្នុងរាជធានីភ្នំពេញ ក្នុងនោះសាលាខណ្ឌឫស្សីកែវ ក៏បានទទួលកញ្ចប់ថវិកានេះដែរ ដើម្បីគាំទ្រដល់ការងារអភិវឌ្ឍន៍មូលដ្ឋានទៅតាមផែនការដែលបានលើកឡើងតាមឆ្នាំនីមួយៗ ៕ អារុណរះ

as

as-1 as-2 as-3

as-4


ចែករំលែក៖