សន្តិសុខហ្វីលីពីនបានបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងកម្លាំងរដ្ឋាភិបាលហ្វីលីពីន នឹងក្រុមឧទ្ទាមជ្រុលនិយមអាប៊ូសាយ៉ាហ្វដោយប្រើកាំភ្លើងធំកាលពីថ្ងៃទី៨ ខែធ្នូ កន្លងមកនោះ បានបណ្តាលឲ្យបាត់បង់ជីវិត៣នាក់ គឺទាហានម្នាក់ និងឧទ្ទាម២នាក់ ព្រមទាំង៦នាក់រងរបួស ។
ការប្រយុទ្ធនេះបានកើតឡើងនៅក្នុងភូមិ Panglayahan ជិតទីប្រជុំជន Patikul ខេត្ត Sulu ជាទីតាំងគ្រប់គ្រងរឹងមាំរបស់ក្រុមឧទ្ទាមឧទ្ទាមដែលមានទំនាក់ទំនងជាមួយក្រុម Jemaah Islamiyah (JI) និងក្រុមរដ្ឋអិស្លាម IS ។
អ្នកនាំពាក្យកងកម្លាំងរដ្ឋាភិបាលប្រចាំភូមិភាគអះអាងថា ការប្រយុទ្ធគ្នាមានរយៈពេល៣០នាទី ហើយក្រុមឧទ្ទាម អាប៊ូសាយ៉ាហ្វ បានដកថយទៅវិញអស់ ខណៈទទួលរងការខូចខាតយ៉ាងដំណំ មានទាំងស្លាប់ និងរងរបួស ។ កម្លាំងរដ្ឋាភិបាលបានរិបអូសយកអាវុធវែងខ្លី កាំភ្លើងធំ M14 ដែលក្រុមឧទ្ទាមរត់ចោលផងដែរ ។
សេចក្តីរាយការណ៍អះអាងថា នៅពេលនេះ ក្រុមឧទ្ទាមអាប៊ូសាយ៉ាហ្វបាននិងកំពុងគ្រប់គ្រងចំណាប់ខ្មាំង២៣នាក់ មានជនជាតិហុល្លង់ អាល្លឺម៉ង់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាមផងដែរ ។ ប៉ុន្តែគេគ្មានសញ្ញាណណាមួយបញ្ជាក់ឲ្យដឹងថា ចំណាប់ខ្មាន់ទាំងនោះឃុំដោយក្រុមឧទ្ទាមនៅកន្លែងណាទេ ៕