ខេត្តមណ្ឌលគិរី៖ ស្នងការនគរបាលខេត្តមណ្ឌលគិរីបានដោះលែងជនជាតិខ្មែរ២ នាក់ក្នុងចំណោមបុរស៣នាក់ដែលអាជ្ញាធរបានឃាត់ខ្លួនក្នុងសំណុំរឿងធ្វើទារុណកម្មក្មេងប្រុសម្នាក់អាយុ២ឆ្នាំ។ សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ចាមបានឃាត់ខ្លួនមនុស្ស៣នាក់ដែលមានជនជាតិហុល្លង់ ម្នាក់ និងបុរសខ្មែរ២នាក់រួចបញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦។ ស្របគ្នានេះដែរ អាជ្ញាធរក្នុងប្រទេសវៀតណាមបានចាប់ ខ្លួនបុរសជនជាតិវៀតណាមម្នាក់ដែលជាជនសង្ស័យក្នុងសំណុំរឿងនេះកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ។
មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានអះអាងថា សមត្ថកិច្ចកម្ពុជាកំពុងចរចាជាមួយភាគីវៀតណាមជុំវិញការកាត់ទោសជនសង្ស័យជនជាតិវៀតណាម ដែលប្រើទារុណកម្មនិងរំលោភកុមារអាយុ២ឆ្នាំដែលប្រព្រឹត្តនៅខេត្តមណ្ឌលគិរី ។
អគ្គស្នងការរងនគរបាលជាតិលោក ម៉ក់ ជីតូ មានប្រសាសន៍ដោយខ្លីថា ភាគី កម្ពុជាកំពុងរង់ចាំចម្លើយពីភាគីវៀតណាម ចំពោះការស្នើសុំជនជាតិវៀតណាមដែលសង្ស័យថាប្រព្រឹត្តទារុណកម្មលើកុមារ មកជំនុំជម្រះទោស។ លោកបញ្ជាក់ថា «យើងកំពុងស្នើសុំខាងវៀតណាមដែរតែ មិនទាន់ច្បាស់លាស់កំពុងធ្វើការលើរឿងនេះ» ។
គួរបញ្ជាក់ថា សមត្ថកិច្ចវៀតណាមបាន ចាប់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ឈ្មោះ ង្វៀន ថាញ់ ឬ ង្វៀន យ៉ុង (Nguyen Dung) ដែលគេសង្ស័យថាប្រើទារុណកម្មលើក្មេងប្រុសខ្មែរអាយុ២ឆ្នាំដោយប្រើឧបករណ៍ ឆក់ ហើយអាចនឹងមានអំពើរំលោភផង ដែលបានប្រព្រឹត្តនៅភូមិពូក្រូច ឃុំស្រែ អំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីរួច រត់គេចទៅប្រទេសវៀតណាម ។
សមត្ថកិច្ចបានស្រាវជ្រាវសំណុំរឿងនេះ បន្ទាប់ពីមានការចែករំលែករូបភាពវីដេអូនៃការធ្វើទារុណកម្មកុមារនេះតាមបណ្ដាញសង្គមហ្វេសប៊ុក ។
កាលពីថ្ងៃទី៨ ខែធ្នូ សមត្ថកិច្ចខេត្តកំពង់ ចាមបានបញ្ជូនមនុស្ស៣នាក់ដែលមាន ជនជាតិហុល្លង់ម្នាក់អាយុ៥៣ឆ្នាំឈ្មោះ ស្តេសហ្វាន ស្ទូអិក (Stefan Struik) ជា នាយកប្រតិបត្តិក្រុមហ៊ុនចម្ការកាកាវ និង ចម្ការអំពៅក្នុងខេត្តមណ្ឌលគិរីមានសញ្ជាតិ ខ្មែរ និងមានឈ្មោះខ្មែរហៅថា លី ហេង រួមទាំងបុរសខ្មែរ២នាក់ទៀតបញ្ជូនទៅ កាន់សាលាដំបូងខេត្តមណ្ឌលគិរី ប៉ុន្តែមន្ត្រីសាលាដំបូងខេត្តអះអាងថា បានដោះលែង ជនជាតិខ្មែរទាំង២នាក់វិញដោយរកឃើញ ថាគ្មានកំហុស ។
ព្រះរាជអាជ្ញាសាលាដំបូងខេត្តមណ្ឌលគិរីលោក ឡុង ហុកម៉េង បានបញ្ជាក់ថា បុរសខ្មែរទាំងពីរនាក់នោះគឺជាអ្នកបកប្រែ និងជាកម្មកររបស់ជនជាតិហុល្លង់នោះ សមត្ថកិច្ចបានដោះលែងវិញបន្ទាប់ពីបញ្ជូន មកដល់ខេត្តមណ្ឌលគិរី។ លោកបន្តថា ដោយឡែកជនជាតិហុល្លង់នោះបានបញ្ជូន ដល់សាលាដំបូងកំពុងបើកការស៊ើបសួរ។
អង្គការសង្គមស៊ីវិលផ្នែកគាំពារកុមារ និងសិទ្ធិមនុស្សនិងសាធារណជនកំពុងតាម ដានការវិវឌ្ឍនៃសំណុំរឿងនេះ។ អង្គការ ការពារកុមារ (Child Protection Unit) បាន ផ្ដល់ការគាំពារដល់កុមាររងគ្រោះស្រប ពេលដែលសម្តេចតេជោនាយករដ្ឋមន្ត្រី និងស្ថាប័នឯកជនមានការគាំទ្រផ្នែកច្បាប់ និងផ្ដល់ការព្យាបាលដល់កុមារនេះ ។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក៏ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស ចំពោះជនប្រព្រឹត្តអំពើទារុណកម្មលើកុមារនេះដែរនិងបានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធ ចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ ។
កុមារា សូ សៅ និងម្ដាយ រួមទាំងបងប្អូន បានធ្វើដំណើរមកដល់មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញហើយកាលពីព្រលប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ដើម្បីឲ្យវេជ្ជបណ្ឌិតបានពិនិត្យ សុខភាព ។
អ្នកស្រី ចក់ សាវឿន ដែលត្រូវជាជីដូនរបស់ក្មេងប្រុសរងគ្រោះ សូ សៅ បាន និយាយថា ឪពុកក្មេងរងគ្រោះឈ្មោះធឿន សូ ម្ដាយក្មេងរងគ្រោះធ្វើការនៅក្រុមហ៊ុន ចម្ការកាកាវខេត្តមណ្ឌលគិរី។ រឿងរ៉ាវដែល កើតឡើងដំបូងឪពុកម្ដាយបងប្អូនមិនបានដឹងនោះទេ ពីព្រោះទៅធ្វើការនៅក្រុមហ៊ុន កាកាវខេត្តមណ្ឌលគិរីទាំងអស់គ្នា។ ប៉ុន្តែ ពីមួយថ្ងៃទៅមួយថ្ងៃចេះតែនឹកឆ្ងល់ពីរាងកាយក្មេងមានស្នាមរបួស មានសុខភាព ខ្សោយ មានសភាពទន់ដៃទន់ជើងគួរឲ្យ សង្ស័យ ។
អ្នកស្រី ចក់ សាវឿន បានប្រាប់ទៀតថា ការដឹងរឿងរ៉ាវនេះពិតប្រាកដគឺដោយសារឃើញហ្វេសប៊ុកទើបមានការភ្ញាក់ផ្អើល អាណិតក្មេង ហើយលើកឡើងថា ដោយសារទឹកដោះម្ដាយថ្លៃទើបចៅគាត់មិនស្លាប់ ហើយមកដល់ពេលនេះចៅគាត់មិនទាន់មានសុខភាពដូចធម្មតានៅឡើយទេ ។
កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ក្រុមការ ងារមនុស្សធម៌ក៏បាននាំយកអំណោយ ជួយសង្គ្រោះមួយចំនួនយកទៅជូនដល់ គ្រួសារក្មេងប្រុសដែលត្រូវបានជនជាតិ វៀតណាមធ្វើទារុណកម្មដោយយកដំបងឆក់លើរាងកាយនៅខេត្តមណ្ឌលគិរី ។
អំណោយមនុស្សធម៌ដែលសម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់ជូននាពេលនេះរួមមាន អង្ករ៤បាវ, នំធុង២ ធុង, ទឹកផ្លែឈើ៤កេស, ទឹកដោះកូនក្មេង ២កេស, ទឹកដោះគោខាប់១កេស, មី៤ កេស, ស្ករស៥គីឡូក្រាម, ទឹកត្រី២កេស, ទឹកស៊ីអីុវ២កេស, ប្រេងឆា២ធុង, ខោអាវ ១០កំប្លេ, កង់តូច១គ្រឿង និងថវិកាចំនួន ៤លានរៀល ។
ដោយក្តីអាណិតអាសូរលោកស្រី ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន និងក្រុម គ្រួសារបានផ្តល់ក្តីស្រឡាញ់ និងភាពកក់ ដល់កុមាររងគ្រោះ និងក្រុមគ្រួសារដែលបានរងទារុណកម្មយ៉ាងធ្ងន់ធ្ងរអមនុស្ស ដោយឆក់នឹងចរន្តអគ្គិសនីពីសំណាក់ មនុស្សម្នាក់ជាជនជាតិវៀតណាមកាលពីពេលកន្លងទៅ ។
ក្រោយពេលទទួលបានព័ត៌នេះភ្លាមលោកស្រី ហ៊ុន ម៉ាណា បានចាត់ឱ្យក្រុមការងារយកកុមាររងគ្រោះដែលទើបមានអាយុ៣ឆ្នាំពីខេត្តមណ្ឌលគិរីមកកាន់រាជ ធានីភ្នំពេញដើម្បីពិនិត្យសុខភាពនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ តាមការសន្និដ្ឋាន របស់ក្រុមគ្រូពេទ្យបញ្ជាក់ថា ក្មេងប្រុសរងគ្រោះនោះមានអាការធម្មតាដែលគ្មានអ្វីគួរឱ្យព្រួយបារម្ភទៀតឡើយ ។
លោកស្រី ហ៊ុន ម៉ាណា បានផ្តល់ក្តី ស្រឡាញ់ដល់កុមាររងគ្រោះដោយឱបជាប់ នឹងដើមទ្រូង បញ្ចុកអាហារចំណីបង្កប់ដោយ ទឹកមុខអាណិតអាសូរ និងផ្តល់កម្លាំងដល់ក្រុមគ្រួសារក្មេងកុំឱ្យមានការព្រួយបារម្ភ តទៅទៀត ព្រោះក្មេងប្រុសរងគ្រោះមានសុខភាពប្រក្រតីស្មារតីល្អប្រសើរ ។
លោកស្រី ហ៊ុន ម៉ាណា និងក្រុមគ្រួសារ បានឧបត្ថម្ភអំណោយមនុស្សធម៌ជាច្រើន ដល់កុមាររងគ្រោះនិងក្រុមគ្រួសារដើម្បីលើកទឹកចិត្តនិងសម្រាលទុក្ខលំបាកផងដែរ ។
គួរបញ្ជាក់ថា ក្រុមគ្រួសារនិងក្មេងរង គ្រោះបានមកដល់រាជធានីភ្នំពេញកាលពី រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ និងបាន ទទួលអំណោយមនុស្សធម៌ជាច្រើនពី សប្បុរសជននានា ជាពិសេសអំណោយពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតផ្តល់ជូននាពេលនោះរួមមាន គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន៤លានរៀល ។ បន្ថែមលើ នោះសម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតក៏បានផ្តល់ប្រាក់ឧបត្ថម្ភជាប្រចាំខែដល់ក្រុមគ្រួសារក្មេងរងគ្រោះពេញ១ឆ្នាំ២០១៧ដោយក្នុង១ខែៗទទួលបានថវិកា៥០ម៉ឺនរៀល និងអង្ករ២បាវ ។
ចំណែកលោកឧកញ៉ា ម៉ុង ឫទ្ធី វិញក៏ បានបញ្ជាក់ថា នៅពេលនេះក្រុមគ្រួសារ កុមារារងគ្រោះបានយល់ព្រមទៅរស់នៅ ក្នុងតំបន់អភិវឌ្ឍន៍ម៉ុង ឫទ្ធី ហើយ ។
នៅវេលាម៉ោង៥ល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៦ ក្រុមការងារសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងដឹក ជញ្ជូនពួកគាត់ទៅដល់កែវផុស ប៉ុន្តែក្រុមគ្រួសារក្មេងរងគ្រោះស្នើសុំក្រុមដឹកជញ្ជូនអង្គុយផ្នែកខាងក្រោយនៃរថយន្ត ព្រោះ អង្គុយខាងក្នុងពួកគាត់ពុលរថយន្ត ។
លោកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ថា «ខ្ញុំនឹងប្រគល់ផ្ទះថ្មថ្មីមួយបន្ទប់ដែលទើបតែសាងសង់រួចរាល់ មានទឹកភ្លើងអគ្គិសនី មានបង្គន់អនាម័យ មានសាលាឱ្យកូនរៀន មានពេទ្យព្យាបាលជំងឺ មានការងារធ្វើអស់ មួយជីវិត គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មាន ការរំលោភបំពានអ្វីឡើយ» ៕ ហេង សូរិយា