ខេត្តកណ្តាល: ថ្នាំញៀនចំនួន១០៦កញ្ចប់ ត្រូវបានកម្លាំងនគរបាលស្រុកោះធំដកហូតបាននិងឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៥នាក់បន្ទាប់ប្រតិបត្តិការបង្ក្រាបរយះពេល២ថ្ងៃក្រោយទទួលបានពត៌មានពីការជួញដូរគ្រឿងញៀនខុសច្បាប់រយៈពេលប្រមាណ ១២ ថ្ងៃហើយក្រុមបក្សពួកជនសង្ស័យធ្លាប់ជាប់ពន្ធ័ធនាគារ២ដងរួចមកហើយតែប្រព្រឹត្តរបរល្មើសច្បាប់នេះដដែល។
ប្រតិបត្តិការនេះធ្វើឡើងថ្ងៃទី ០៨ និងទី០៩ ខែ ធ្នូ ឆ្នាំ ២០១៦ នៅចំណុចក្នុងបរិវេណវត្តពោធិ៍រាម្មា ភូមិប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។
ក្រុមជនសង្ស័យ០៥នាក់ដែលត្រូវចាប់ខ្លួននោះទី១/-ឈ្មោះ ថូ ភារម្យ (ហៅ ព្រំ) ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ ភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ។
២/-ឈ្មោះ ឡេង ឡឹង ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ (ឃាត់ខ្លួន) ។
៣/-ឈ្មោះ អ៊ុំ សំណាង ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ (ឃាត់ខ្លួន) ។
៤/-ឈ្មោះ លាភ សុផល ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ។
៥/-ឈ្មោះ ផាន ភ័ណ្ឌ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ (ឃាត់ខ្លួន) ។
វត្ថុតាងដកហូតយក១/-គ្រឿងញៀន (មា៉ទឹកកក) ចំនួន ១០៦ កញ្ចប់ (០៩ កញ្ចប់ធំ) ។
២/-ទូរស័ព្ទចល័តចំនួន ០៣ គ្រឿង ។
៣/-ប្រាក់រៀលចំនួន ១៨៧.០០០៛ (មួយរយបែ៉តសិបប្រាំពីរពាន់) និងប្រាក់ដុងវៀតណាមចំនួន ៣៨០.០០០ DVN (បីរយបែ៉តសិបពាន់ដុង) ។
៤/-សម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនលក់មួយចំនួន ។
៥/-ម៉ូតូ ០២ គ្រឿង HONDA DREAM C125 ពណ៍ ខ្មៅ សេរីឆ្នាំ ២០១៦ គ្មានស្លាកលេខ និង HONDA MSX ពណ៍ ស សេរីឆ្នាំ ២០១៦ គ្មានស្លាកលេខ ។
លោកវរសនីទោឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំបានអោយដឹងថាក្រោយទទួលបានពត៌មានពីការជួញដូរគ្រឿងញៀនខុសច្បាប់ក្នុងឃុំព្រែកស្តី ។ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំបានចុះស្រាវជ្រាវអង្កេតអស់រយៈពេលប្រមាណ ១២ ថ្ងៃ លើមុខសញ្ញាដែលជាអ្នកលក់គ្រឿងញៀនដ៏សកម្មទើបចេញពីពន្ធនាគារអំឡុងខែតុលា ឆ្នាំ ២០១៦ ទីបំផុតត្រឹមពេលវេលាម៉ោង ១៤ៈ៣០នាទី ថ្ងៃទី ០៨.១២.២០១៦ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកោះធំបង្ក្រាបបានមុខសញ្ញាជួញដូរគ្រឿងញៀន០១នាក់ឈ្មោះ ឡេង ឡឹង ភេទ ប្រុស រួមជាមួយគ្រឿងញៀនជាប់ខ្លួនចំនួន ១៩ កញ្ចប់តូច (ប្រភេទមា៉ទឹកកក) នៅជាប់នឹងខ្លួនជនសង្ស័យ ។
លោកអធិការនគរបាលស្រុកកោះធំបានបន្តថាតាមការសាកសួរបឋម ជនសង្ស័យ ឡេង ឡឹង សារភាពថា: គ្រឿងញៀនទាំងអស់នេះគឺខ្លួនជាអ្នកកាន់លក់អោយមេធំឈ្មោះ ថូ ភារម្យ (ហៅព្រំ) ភេទ ប្រុស មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្កកណ្ដាល ។
បន្ទាប់ពីបានចម្លើយសារភាពនេះ សមត្ថកិច្ចនគរបាលស្រុកកោះធំ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកស្ដី និងប៉ុស្ដិ៍រដ្ឋបាលសំពៅពូន បានបន្តស្រាវជ្រាវស្វែងរកឈ្មោះ ថូ ភារម្យ ហើយឃាត់ខ្លួនបាននៅវេលាមោ៉ង ១៦ៈ២០ នាទី រួមនឹងកូនចៅគេម្នាក់ទៀតឈ្មោះ អ៊ុំ សំណាង (ជាអ្នកកាន់ថ្នាំញៀនលក់ និងជាប្អូនថ្លៃ) ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ថូ ភារម្យ ក្នុងភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល រួមជាមួយគ្រឿងញៀនចំនួន ៨៧ កញ្ចប់ (០៩ កញ្ចប់ធំ) និងសម្ភារៈវេចខ្ចប់គ្រឿងញៀនសំរាប់លក់មួយចំនួនទៀតនៅក្នុងផ្ទះជនសង្ស័យតែម្តង ។ រួចបន្តទៅឃាត់ខ្លួនបានជនសង្ស័យ ០២ នាក់ទៀតដែលជាអ្នកទិញគ្រឿងញៀនជក់ និងលក់បន្តអោយឈ្មោះ ថូ ភារម្យ គឺឈ្មោះ លាភ សុផល និង ផាន ភ័ណ្ឌ ។
លោកឈឿន ប៊ុនឆនបានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យ ថូ ភារម្យៈ ថ្នាំញៀនចំនួនទាំង ១០៦ កញ្ចប់ខាងលើនេះគឺពិតជារបស់រូបគេប្រាកដមែន ហើយឈ្មោះ អ៊ុំ សំណាង និង ឡេង ឡឹង គឺជាអ្នកកាន់ថ្នាំញៀនលក់បន្តអោយខ្លួន ។ ចំពោះជនសង្ស័យ ថូ ភារម្យ (ហៅ ព្រំ) គឺជាមុខសញ្ញាទើបតែដោះលែងចេញពីពន្ធនាគារ កាលពីថ្ងៃ ២១ ខែ តុលា ឆ្នាំ ២០១៦ ដោយជាប់ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
បន្ថែមអំពីនេះ ឈ្មោះ ថូ ភារម្យ (ហៅពុំ ហៅព្រំ ហៅរ៉ុម) ធ្លាប់ជាប់ពន្ធនាគារពីរដងរួចមកហើយគឺលើកទី១ ខែមិនា ឆ្នាំ ២០១២ ជាប់ពីបទ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មានទោស ០២ ឆ្នាំ ជាប់បាន ០៨ ខែ និងភ្ជួរ ១៤ ខែ ។ លើកទី២ ខែ តុលា ២០១៣ ជាប់ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានទោស ០៣ ឆ្នាំ ដោយជាប់បាន ១ ឆ្នាំកន្លះនៅពន្ធនាគារតាខ្មៅ រួចក៏ត្រូវផ្ទេរទៅត្រពាំងថ្លុង១ឆ្នាំកន្លះទៀតព្រោះឆ្មាំគុករកឃើញលក់ថ្នាំញៀនក្នុងពន្ធនាគារតាខ្មៅ។
បច្ចុប្បន្នក្រុមជនសង្ស័យទាំង៥នាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំនុំរឿងចាត់ការតាមនិតិវិធីច្បាប់៕ ស្អាងជ័យ