ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋពុលស្រាស ស្លាប់កើនដល់១៥នាក់ និង៧៩នាក់បន្តព្យាបាល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ករណីពុលស្រាសនៅ ខេត្តកំពង់ឆ្នាំងចំនួនអ្នកស្លាប់បានកើន ដល់១៥នាក់ និង៧៩នាក់កំពុងបន្តសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។ នេះបើយោងតាមតួលេខ និងរបាយការណ៍ របស់មន្រ្តីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបង្ហាញឲ្យដឹងគិតត្រឹមម៉ោង១២ថ្ងៃ ត្រង់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ។

មន្រ្តីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា គិតត្រឹមថ្ងៃទី៨ មកដល់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ មានប្រជាពលរដ្ឋ ៤នាក់ទៀតបានស្លាប់ ហើយ៤២នាក់បានចូលមកសម្រាកព្យាបាលតាមដានអាការក្រោយពីពួកគេបានផឹកស្រាសនិងស្រាថ្នាំ។

មន្រ្តីដដែលបានបញ្ជាក់ថា ប្រជាពល រដ្ឋដែលមានអាការធ្ងន់ធ្ងរត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ហើយ អ្នកជំងឺខ្លះបានស្លាប់តាមផ្លូវមុនពេលទៅ ដល់ភ្នំពេញ ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាលដែលចុះពិនិត្យមើលបងប្អូនប្រជាពលរដ្ឋដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ ឆ្នាំងបានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលជួបបញ្ហាទាំងអស់នេះគឺបណ្តាលមកពីពួកគាត់ផឹកស្រាសស្រាថ្នាំ ដែលមានជាតិ មេតាណុលខ្លាំងទើបធ្វើឲ្យប៉ះពាល់ដល់ សុខភាពធ្ងន់ធ្ងរនិងមានអ្នកខ្លះស្លាប់បែបនេះ។ លោករដ្ឋមន្រ្តីបញ្ជាក់ថា អ្នកដែលហូបស្រាដែលផលិតដោយគ្មានបច្ចេកទេស និងស្តង់ដារនៅពេលដែលហូបរួចអ្នកជំងឺ មានអាការដូចជា ថប់ដង្ហើម ឈឺសាច់ដុំ និងស្រវាំងភ្នែកឈានទៅក្អួតចង្អោរ ។

លោករដ្ឋមន្រ្តីបានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋឲ្យឈប់ពិសាស្រា ពិសេសស្រាសដែលជាប្រភេទស្រាខ្លាំងមានសារជាតិមេតាណុលខ្ពស់។ ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រីក៏បានជំរុញឲ្យមន្រ្តីមន្ទីរ សុខាភិបាលសហការជាមួយនឹងគ្រូពេទ្យ ឯកទេសថ្នាក់ជាតិជួយព្យាបាលប្រជាពលរដ្ឋ និងបន្តអង្កេតស្រាវជ្រាវករណីប្រជា ពលរដ្ឋពុលស្រានៅឃុំក្តុលសែនជ័យ ស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំងនេះផងដែរ ។

ទោះបីជាមានការលើកឡើងបែបនេះក៏ ដោយក៏មន្រ្តី និងសមត្ថកិច្ចជំនាញបាន និងកំពុងបន្តស្រាវជ្រាវទៅលើសិប្បកម្ម ផលិតស្រាមួយចំនួននៅក្នុងស្រុកទឹកផុស និងបានរឹបអូសស្រាស ស្រាថ្នាំមួយចំនួន ដើម្បីជៀសវាងគ្រោះថ្នាក់ដល់ពលរដ្ឋ ដែលទិញទៅពិសា និងបានបិទទ្វារសិប្ប កម្មតូចធំមួយចំនួន ។

តាមមន្រ្តីនគរបាលស្រុកទឹកផុសឲ្យដឹង ថា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះបានទៅពិនិត្យទីតាំងផលិត និងចែកចាយស្រាសមួយកន្លែងនៅក្រុងកំពង់ឆ្នាំង ហើយបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ថាន់ វី អាយុ៤៩ឆ្នាំ រស់នៅភូមិក្តុល ឃុំ ក្តុលសែនជ័យ ស្រុកទឹកផុស ដោយសង្ស័យ ថាបុរសរូបនេះបានផលិតស្រាសគ្មានបច្ចេក ទេស និងដាក់មេតាណុលលើសកម្រិតធ្វើ ឲ្យប្រជាពលរដ្ឋរងគ្រោះរហូតមានអ្នកស្លាប់ ច្រើនដែលមិនធ្លាប់មានពីមុនមក ។

គួររំលឹកថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០១៦ នៅក្នុងភូមិក្តុល ឃុំក្តុលមានជ័យ ស្រុកទឹកផុសមានបុរសម្នាក់បានស្លាប់ហើយ បង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីក្រុម គ្រួសារជនរងគ្រោះអះអាងថា បុរសរូបនេះ ស្លាប់ដោយសារពុលស្រា។ បន្ទាប់មកក៏ មានប្រជាពលរដ្ឋ៣៧នាក់ទៀតត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្រ្គោះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

បើតាមលោក ប្រាក់ វ៉ុន ប្រធានមន្ទីរ សុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ករណីពុលស្រាសនេះតាមពិតបានកើតឡើងតាំងពីថ្ងៃទី៣ ខែវិច្ឆិកាមកម្លេ៉ះ ហើយមានអ្នកស្លាប់នៅក្រៅមន្ទីរពេទ្យដល់ទៅ ១០នាក់ និងសរុបទាំងជនរងគ្រោះម្នាក់ ដែលស្លាប់នៅក្នុងមន្ទីរពេទ្យនោះទើបតួ លេខគេដឹងថា មានពលរដ្ឋចំនួន១១នាក់បានស្លាប់ដោយពុលស្រាគិតត្រឹមរសៀលថ្ងៃទី៨ ខែធ្នូ ហើយមកដល់រសៀលថ្ងៃទី៩ ខែធ្នូ អ្នកស្លាប់បានកើនឡើងដល់១៥នាក់ និងអ្នកបន្តមកព្យាបាលកើនដល់៧៩នាក់៕  ចន្ថា

 

12330010 12330002 12330003 12330009


ចែករំលែក៖