ភ្នំពេញ ៖ ផ្ទះចំនួន៣ល្វែងជាប់គ្នា ត្រូវអគ្គីភ័យឆាបឆេះ ដោយសារមានបុរសញៀនថ្នាំម្នាក់ បានប្រមូលខោអាវ ដុតបង្កទៅជាអណ្តាតភ្លើងឆេះ ខ្សែភ្លើងក្នុងផ្ទះកាលពីវេលាម៉ោង៦និង១០នាទីយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបុរីសន្តិភាព២ សង្កាត់ពងទឹក ខណ្ឌដង្កោ ។
ដើមចមនៃហេតុការណ៍នេះ ផ្តើមដោយបុរសម្នាក់ ឈ្មោះធី ជាមនុស្សញៀនថ្នាំ រស់នៅផ្ទះកណ្តាលក្នុងចំណោមផ្ទះ៣ល្វែងនោះ បានដុតខោអាវ ក្នុងផ្ទះទើប រាលដាល ឆ្លងចរន្តអគ្គីសនីទុស្សេ ឆាបឆេះផ្ទះខាងៗ ចំនួន២ទៀត សរុប៣ផ្ទះត្រូវភ្លើងឆេះ ។ រថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿង មកពីអង្គភាព៧១១ កងពលតូចលេខ៧០ និងរថយន្តរបស់សាលាខណ្ឌពោធិសែនជ័យ១គ្រឿង ទៅអន្តរាគមន៍បាញ់ទឹកឲ្យភ្លើងរលត់ទៅវិញភ្លាមៗ ៕