ខេត្តស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ខាងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបង្ហាញមុខជនសង្ស័យជួញដូរថ្នាំញៀនចំនួន២នាក់ព្រមទាំងថ្នាំញៀនមួយកញ្ចប់ធំ និងបានធ្វើតេស្តិ៍រកសារធាតុញៀននៅចំពោះមុខជនសង្ស័យទាំង២នាក់នោះផងដែរ។
សមត្ថកិច្ចប៉ូលិសជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តការចុះនៅវេលាម៉ោង១៦និង០០នាទីល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៩ ស្ថិតនៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
លោក សាន់ និមល់ ស្នងការងទទួលបន្ទុកបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង បានឲ្យដឹងថា ខាងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន របស់លោក បានទទួលព័ត៌មានច្បាស់ការមួយ ថា មានករណីជួញដូរគ្រឿងញៀនមួយកន្លែង ដែលស្ថិតនៅចំណុចខាងលើនោះ បន្ទាប់មក លោកក៏បានបញ្ជាឲ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បើកប្រតិបត្តការចុះបង្ក្រាប់ចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ រួមនិងវត្ថុតាងថ្នាំញៀនមួយកញ្ចប់ធំ នាំមកកាន់ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង សួរនាំ រួចរៀបចំកសាងសំណំុរឿងបន្តទៅកាន់តុលាការដើម្បីចាត់ការតាមនិតិវិធី ។
លោកបានបញ្ជាក់ថា ជនសង្ស័យដែលបានចាប់ឃាត់ខ្លួនខាងលើនោះមានឈ្មោះ ទី១ ចាន់ សារឿន ភេទស្រី អាយុ៥០ឆ្នាំ និងទី២ឈ្មោះ អន ដាវី ភេទស្រី អាយុ២៤ឆ្នាំ ហើយក៏បានដកហូតវត្ថុតាងរួមមាន គ្រឿងញៀនមួយកញ្ចប់ធំ មានទម្ងន់សរុបសុទ្ធស្មើនិង៣៥៣,៤ក្រាម ទូរស័ព្ទដៃអិនចុចពិលម៉ាកណូគាចំនួន២គ្រឿង និងកាបូបដាក់លុយចំនួន១ ។
បច្ចុប្បន្នជនសង្ស័យចំនួន២នាក់ដែលបានចាប់ឃាត់ខ្លួនពីករណីជួញដូរថ្នាំញៀនខាងលើនោះ និងត្រៀមខ្លួនបញ្ជូនបន្តទៅតុលាការអនុវត្ថន៍តាមច្បាប់នៅ ថ្ងៃនេះហើយ ៕ មាស សុផាត