ភ្នំពេញ ៖ យុវជនម្នាក់រងរបួសបែកក្បាល ក្រោយពីផឹកសុីស្រវឹង ស្រឿងៗហើយគិតថា ចង់ជក់គ្រឿងញៀនបន្តទៀត ទើបហុចលុយ២មុឺនរៀនទៅមិត្តភក្តិដើម្បីរកទិញថ្នាំ តែលុយមិនគ្រប់ទិញមិនបានដោយសារថ្នាំញៀនឡើងថ្លៃ ទើបទារថែមដោយនឹកថា ធ្លាប់ទិញតែប៉ុណ្ណឹង ទើបជជែកគ្នាបង្កហឹង្សាវាយគ្នា បណ្តាលឲ្យរងរបួសបែកក្បាល យុវជនបង្កត្រូវបានចាប់ឃាត់ខ្លួន កាលពីកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះស ជន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិកំពង់ខ្លាញ់ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ចំណែកជនបង្កឈ្មោះ ហូរ ណារ៉ូត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់ នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវជាមិត្តភក្តិនឹងគ្នាជាមួយជនរងគ្រោះ ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ក្រោយពីអ្នកទាំងពីរផឹកសុីស្រវឹង ហើយចង់ជក់ថ្នាំញៀនបន្តទៀត ជនរងគ្រោះបានឲ្យលុយ២មុឺនរៀលទៅជនបង្ក ជនបង្កថាលុយមិនគ្រប់ទិញមិនបាន ថ្នាំញៀនឡើងថ្លៃ ជនរងគ្រោះហុចលុយ៥ពាន់រៀលបន្ថែម ជនបង្កនៅតែថា មិនគ្រាន់ ជក់មិនឆ្អែត បើគ្មានលុយ ដោះកុងទ័រមូ៉តូ របស់ជនរងគ្រោះបញ្ចាំហើយ ពូកែឲ្យលុយតិចពេក ក៏ក្លាយទៅជាទំនាស់សម្តី ឈានដល់ ជនបង្កវ៉ៃប្រ៉ាវ បែកក្បាលមិត្តភ័ក្រ ហូរឈាមកក្លាក់ ជោគខ្លួន ។
ក្រោយកើតហេតុ ខណៈជនរងគ្រោះ ហូរឈាមច្រើនពេក ត្រូវបានពលរដ្ឋក្បែរខាង ហៅក្រុមសង្រ្គោះរបស់អង្គភាព៧១១ មកជួយជូតលាង ស្នាមរបួស ហើយត្រូវបាន សមត្ថកិច្ច ឃាត់នាំទាំងជនបង្កនិងជនរងគ្រោះ ទៅសាកសួរនៅប៉ុស្តិ៍សំរោងក្រោម ៕ សុខាសែនជ័យ