ខេត្តស្ទឹងត្រែង៖ រថយន្តឡង់គ្រីស័រមួយគ្រឿងដឹកឈើប្រណីតប្រភេទធ្នង់ប្រើប្រាស់ស្លាកលេខ ខ.ម ត្រូវបានកម្លាំងអាវុធហត្ថខេត្ត ចាប់បានកាលពីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែងខេត្តរតនគិរី ត្រង់ចំណុចភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
កម្លាំងអាវុធហត្ថដែលចុះបង្ក្រាប បានប្រាប់ឲ្យដឹងថា បន្ទាប់ពីឃាត់រថយន្តខាងលើនេះរួចមក អាវុធហត្ថបានបន្តឃាត់ខ្លួនបុរសម្នាក់ដែលជាតៃកុងរថយន្ត ដែលមានឈ្មោះ វង្ស វ៉ា (ហៅប្រុស)មានទីលំនៅ បច្ចុប្បន្ន ភូមិអូរល្មៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
អាវុធហត្ថបានបន្តទៀតថា ក្រោយពីឃាត់រថយន្តដឹកឈើខាងលើនេះកម្លាំងអាវុធហត្ថបានបើកការស៊ើបអង្កេតរកឃើញថា ស្លាកលេខ ខ.ម ដែលរថយន្តដឹកបទល្មើសឈើខុសច្បាប់ខាងលើប្រើប្រាស់នោះគឺជាស្លាកលេខក្លែងក្លាយ។
បច្ចុប្បន្ន វត្ថុតាងរថយន្តដឹកឈើ ត្រូវបានអាវុធហត្ថធ្វើសំណុំបែបបទប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្ត។ ចំណែកម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ដោយសារប្រើប្រាស់ស្លាកលេខក្លែងក្លាយ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕ វុទ្ទឦសាន