ខេត្តព្រះសីហនុ៖ រថយន្តសាំយ៉ុងមួយគ្រឿង បុកជាមួយម៉ូតូវីវ៉ាក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យបុរសអ្នកបើកម៉ូតូម្នាក់បើុងផ្លោងធ្លាក់បាក់ក និងបែកថ្លើមស្លាប់ភ្លាមៗនៅកណ្តាលថ្នល់កន្លែងកើតហេតុ ។ ក្រោយបង្កហេតុ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
ករណីគ្រោះថ្នាក់ចរាចរណ៌នេះ បានកើតមានឡើងនៅម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២១២ លេខ២១៣ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះអ៊ូ ជី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ មានទីលំនៅ នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅកន្លែងកើតហេតុ គេឃើញរថយន្តគ្រឿងម៉ាកសាំយ៉ុងពណ៌សំបកឪឡឹក ពាក់ស្លាកលេខកោះកុង 2A 0322 ដែលកំពិតក្បាលផ្នែកខាងស្តាំធ្ងន់ធ្ងរ ចតចោលនៅលើផ្លូវ។
សមត្ថកិច្ចបានឲ្យដឹងថា តាមការមើលវត្ថុតាងម៉ូតូ និងរថយន្តជាក់ស្តែងដែលបន្សល់ទុកនៅកន្លែងកើតហេតុឃើញថា ភាគីរថយន្តហាក់បើករំលោភចូលមកផ្លូវភាគីខាងម៉ូតូ ព្រោះថា រថយន្តបើកក្នុងទិសដៅពីព្រះសីហនុទៅភ្នំពេញ ប៉ុន្តែរថយន្តឃើញឈប់បញ្ឆិតលើទ្រូងផ្លូវដោយក្បាល និងតួរថយន្តបានលយចូលមកខាងឆ្វេងដៃ។ ប៉ុន្តែបើទោះបីបែបនេះក៏ដោយ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ម្នាក់នេះ ភាគីខាងណាខុស ឬត្រូវនោះ វាអាស្រ័យលើការវាស់វែងរបស់សមត្ថកិច្ចជំនាញចរាចរណ៍ជាអ្នកសម្រេច ។
បច្ចប្បន្ន វត្ថុតាងរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំបិតត្រាំង ចំណែកសាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ឆ្លាម សមុទ្រ