ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៦ លោក ចាន់ ស៊ីណាត អគ្គនាយក រងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួងនិង Mission ADB ចុះពិនិត្យការដ្ឋានប្រព័ន្ធធារាសាស្រ្តព្រែកជីក ស្ថិតក្នុង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
គោលបំណងនៃការចុះពិនិត្យនេះ គឺដើម្បីពិនិត្យលើវឌ្ឍនភាពនៃការងារអនុវត្ត គម្រោង ADB នាពេលកន្លងមក និងជំរុញការងារអនុវត្តគម្រោងខាងលើក្នុងជំហានទី២ ដែលនឹងបើកការដ្ឋានក្នុងខែកុម្ភៈ ឆ្នាំ ២០១៧ ខាងមុខនេះ ។
ជំហានទី២នៃគម្រោង ADB ក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តព្រែកជីកនេះ រួមមាន ប្រព័ន្ធឡាយរងទី២និងប្រព័ន្ធប្រឡាយរងទី៣ ដែលជាប្រភេទប្រឡាយបេតុង មាន ចំនួនសរុប៤៥ខ្សែ និងមានប្រវែងសរុប ៤៦គីឡូម៉ែត្រ ហើយបំពាក់ដោយសំណង់ សិល្បការធំតូចចំនួន៥៧៦កន្លែងបន្ថែមទៀតពីលើសំណង់សិល្ប:ការធំតូចដែល បានបំពាក់រួចហើយចំនួន១០៩កន្លែងលើ ប្រឡាយ មេប្រវែង២៨គីឡូម៉ែត្រ ។
ព្រមជាមួយគ្នានោះដែរ ភាគី ADB និង ក្រុមការងារក្រសួង ក៏នឹងដឹកនាំការសិក្សាលើអាងទឹកអូរដូនទ្រី ដែលជាផ្នែកខាងលើនៃប្រព័ន្ធធារាសាស្រ្តព្រែកជីក ដើម្បីធ្វើការជួសជុលស្តារឡើងវិញនូវទំនប់អាងអូរដូនទ្រី សម្រាប់តម្កល់ទឹកឱ្យបានចំនួន៣០លាន មែ៉ត្រត្រីគុណបន្ថែមទៀត ដែលនឹងធ្វើឱ្យប្រព័ន្ធធារាសាស្រ្តព្រែកជីកមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែរបស់បងប្អូន ប្រជាកសិករបានរហូតដល់ ២៤.០០០ ហិកតា ៕ ហេង សូរិយា