ខេត្តបាត់ដំបង៖ យ៉ាងណោចណាស់មានមនុស្សចំនួន១១២នាក់បានស្លាប់ និងរងរបួសធ្ងន់ ស្រាល៤១០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន២៣៥លើក ឆ្នាំ២០១៦ នៅខេត្តបាត់ដំបង ។
បើយោងតាមរបាយការណ៍របស់ការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបង្ហាញនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបងសម្រាប់ឆ្នាំ២០១៦ បើប្រៀបធៀបនៅឆ្នាំ២០១៥ មានការថយចុះចំនួន៥ករណី ថយមនុស្សស្លាប់៤នាក់ ថយអ្នករងរបួសធ្ងន់ស្រាល១៩នាក់។
លោកវរសេនីយ៍ឯក សាត គឹមសាន្ត នាយការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រាប់ឱ្យដឹងថា មូលហេតុបណ្តាលឱ្យមានកើតគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺសមត្ថកិច្ចសង្កេតឃើញថាបង្កដោយកត្តាល្បឿនលឿនជាបញ្ហាប្រឈមគ្រោះថ្នាក់ អត្រាខ្ពស់កើតឡើងរហូតទៅដល់១១២លើក។
លោកនាយករិយាល័យប្រាប់ឱ្យដឹងទៀតថា ពាក់ព័ន្ធនិងការអនុវត្តច្បាប់ចរាចរណ៍ អនុវត្តក្រោមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្ត ក៏បានដាក់ផែនការដល់កម្លាំងការិយាល័យចរាចរណ៍ និង នគរបាលចរាចរណ៍តាមបណ្តាស្រុកក្រុងនៅទូទាំងខេត្តបាត់ដំបងធ្វើការរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកហើយដាក់កម្លាំងពង្រាយតាមថ្នល់ជាតិគោលដៅសំខាន់ៗ ដើម្បីត្រួតពិនិត្យដល់អ្នកបើកយាន្តយន្តគ្រប់ប្រភេទឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ដោយប្រើប្រាស់វិធានការផ្សព្វផ្សាយអប់រំ និងវិធានការតាមផ្លូវច្បាប់។
លោកបញ្ជាក់ឱ្យដឹងទៀតថា បញ្ហាប្រឈមនៅពេលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មន្រ្តី អនុវត្តច្បាប់ប្រឈមដូចជា ប្រជាពលរដ្ឋមួយចំនួនមិនទាន់ជ្រួតជ្រាបយល់ដឹងពីច្បាប់ចរាចរណ៍។ អ្នកប្រព្រឹត្តមួយចំនួន មិនទទួលកំហុស និងមានអាកប្បកិរិយាមិនសមរម្យដាក់មន្រ្តីអនុវត្តច្បាប់ ។
ប្រជាពលរដ្ឋមួយចំនួនមិនទាន់ឱ្យតម្លៃ លើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដោយគោរច្បាប់នៅតែមុខសមត្ថកិច្ច មិនខ្លាចគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង នៅពេល
គ្មាន សមត្ថកិច្ចឈរជើងត្រួតពិនិត្យតាមដងផ្លូវគឺអ្នកបើកបរខ្លះមិនគោរច្បាប់ចរាចរណ៍ ។ មានអ្នកធំនិងអ្នកមានអំណាចមួយចំនួនតូច នៅតែប្រើប្រាស់វប្បធម៌អន្តរាគមន៍ ចំពោះបើកបរខុសច្បាប់ចរាចរណ៍ ជាដើមនោះ។
លោកវរសេនីយ៍ឯក សាត គឹមសាន្ត នាយការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមបើកបរគោរច្បាបចរាចរណ៍ បើកបរចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងការ ដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់បណ្តាលឱ្យរងរបួសនិងបាត់បង់អាយុជីវិតជាដើមនោះ៕ សំ វិច្ឆិកា