ភ្នំពេញ៖ អ្នកច្បាប់ក៏ដូចជាមន្ត្រីការ ពារសិទ្ធិមនុស្សបានលើកឡើងដូចគ្នា ថា សំណុំរឿងចៅសង្កាត់ព្រែកប្រា ខណ្ឌ ច្បារ អំពៅដែលវាយសន្តិសុខម្នាក់ ឲ្យរងរបួសធ្ងន់រហូតត្រូវបញ្ជូនទៅព្យាបាល នៅប្រទេស វៀតណាមនោះតុលាការត្រូវដោះស្រាយតាមច្បាប់ចំពោះជនបង្កបើទោះជាភាគីទាំង ២បានទូទាត់ប្រាក់សំណង ហើយគ្រួសារជនរងគ្រោះថារឿងនេះចប់ហើយក្ដី ។
អ្នកច្បាប់ និងមន្ត្រីអង្គការសិទ្ធិមនុស្សអះអាងថា បទល្មើសព្រហ្មទណ្ឌមិនអាច ទូទាត់សំណងជាប្រាក់រួចហើយថាចប់ សំណុំរឿងនោះឡើយ ។
ករណីចៅសង្កាត់ព្រែកប្រាបានវាយ សន្តិសុខម្នាក់ឲ្យរងរបួសធ្ងន់កាលពីជាង មួយខែមុនសាលាដំបូងរាជធានីពុំទាន់ សម្រេចចាត់ការតាមផ្លូវច្បាប់យ៉ាងណាទេ ចំពោះជនប្រព្រឹត្ត រីឯក្រុមគ្រួសារជនរង គ្រោះវិញអះអាងថា ខ្លួនបានដកពាក្យ បណ្ដឹងពីសាលាដំបូងវិញហើយពីក្រោយទទួលបានសំណង ។
មេធាវីនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិមនុស្សកម្ពុជាលោក ហុង គឹមសួន លើកឡើងថា សំណុំរឿងព្រហ្មទណ្ឌនៃការប្រើហិង្សារហូតបណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ មិនអាចគិតគូរបញ្ចប់រឿងតាម រយៈការទូទាត់សំណងជាប្រាក់ឡើយព្រោះ ព្រះរាជអាជ្ញាត្រូវមានភារកិច្ចបន្តស៊ើបអង្កេត ករណីនេះដើម្បីស្វែងរកខុសត្រូវរួចហើយត្រូវនាំខ្លួនជនបង្កមកទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះមុខច្បាប់ ។
លោកមេធាវីបន្តថា ក្នុងសំណុំរឿង ព្រហ្មទណ្ឌគ្រួសារជនរងគ្រោះគ្មានសិទ្ធិដកពាក្យបណ្ដឹងអាជ្ញាទេ ព្រោះជាបណ្ដឹងរបស់ ព្រះរាជអាជ្ញាដែលតំណាងឲ្យរដ្ឋ ។
លោកមេធាវីអះអាងថា គេពុំអាចទុក សំណុំរឿងចោលបានឡើយប៉ុន្តែគេអាចផ្អាកបាន លុះត្រាតែការស៊ើបអង្កេតក្នុង សំណុំរឿងនោះមានភាពស្មុគស្មាញច្រើន។
កាលពីចុងខែតុលាចៅសង្កាត់ព្រែកប្រាឈ្មោះ ហួរ ហួត បានវាយបុរសសន្តិ សុខម្នាក់របស់បុរីសម្បត្តិមានហេង ឈ្មោះ មាស ដុំដី បណ្ដាលឲ្យរងរបួសធ្ងន់ចំក្បាល ក្រោយមកដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេកគ្រួសារបានសម្រេចបញ្ជូនទៅព្យាបាល នៅប្រទេសវៀតណាម ។
មកទល់ពេលនេះគ្រួសារជនរងគ្រោះអះអាងថា យុវជន មាស ដុំដី បានជាសះ ស្បើយហើយ ប៉ុន្តែស្មារតីមិនដូចមុនទេនិងកំពុងបំពេញការងាររបស់ខ្លួនវិញដែរ ប៉ុន្តែ ក្រុមគ្រូពេទ្យវៀតណាមអះអាងថា យុវជន មាស ដុំដី បានរងប៉ះពាល់សរសៃប្រសាទ។
អ្នកស្រី អិន សុខា ម្តាយយុវជនរងគ្រោះ បានឲ្យដឹងថា កូនរបស់អ្នកស្រីខុសប្លែកពី ពេលមុន ព្រោះនៅពេលគាត់ហៅ ឬប្រើ ប្រាស់ពាក្យសម្ដីធ្ងន់ម្ដងៗកូនរបស់គាត់ ឆាប់ខឹងនិងឆេវឆាវខុសពីធម្មតា។ អ្នក ស្រីបន្តថា គ្រួសារអ្នកស្រីបានដកពាក្យ បណ្ដឹងវិញក្រោយពីភាគីចុងចោទបានផ្ដល់ សំណងចំនួន៣ពាន់ដុល្លារហើយរាល់ការព្យាបាលគឺម្ចាស់បុរីសម្បត្តិមានហេងជា អ្នកទទួលខុសត្រូវ ។
មន្ត្រីនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានថ្លែងប្រាប់តាម បណ្ដាញទំនាក់ទំនងតេឡេក្រាម (Telegram) កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ថា តុលាការកំពុងបន្តនីតិវិធីនៅឡើយ។ ទោះជាយ៉ាងណាកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅលោកចៅសង្កាត់ព្រែកប្រា ហួរ ហួត ឲ្យ ចូលខ្លួនបំភ្លឺ ប៉ុន្តែក្រោយមកសំណុំរឿងនេះវិវត្តដល់ណាគេមិនទាន់ដឹងច្បាស់នៅឡើយទេ ។
មន្ត្រីការពារសិទ្ធិមនុស្សលើកឡើងថា បើសិនរាជរដ្ឋាភិបាល និងតុលាការមិនចង់ទទួលបានការរិះគន់អាក្រក់ពីមហាជនទេ គឺត្រូវដោះស្រាយរឿងចៅសង្កាត់ព្រែកប្រាវាយសន្តិសុខឲ្យរងរបួសធ្ងន់ឲ្យបានឆាប់៕ ហេង សូរិយា