ភ្នំពេញ៖ វេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រធានាធិបតីហ្វីលិពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ អញ្ញើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានចុះពីលើចុះយន្តហោះនាវេលាម៉ោង៦និង១០នាទី ជាប្រវត្តិសាស្ត្រ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ ដែលជាប្រទេសទី៦ នៃដំណើរទស្សនកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីកាន់ តំណែងជាប្រធានាធីបតីកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។
ក្នុងការស្វាគមន៍ដំនើរមកដល់នេះមានការទទួលយ៉ាងកក់ក្តៅពីសំណាក់សម្តេចចៅហ្វាវាំងគង់ សំអុល រដ្ឋមន្ត្រីក្រសួង ព្រះបរមរាជវាំង លោក ទេសរដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស, លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន , លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ រួមនិងអ្នកមុខអ្នកការ រួមនឹងសិស្សានុសិស្សក៏ដូចជាពលរដ្ឋជាច្រើនរូប នៅចាំទទួលឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
តាមការគ្រោងទុកនាព្រឹកថ្ងៃស្អែក លោកឌូតឺតេ នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយនៅរសៀលម៉ោង ២ នឹងជួបពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ ជាមួយគ្នានេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តគ នឹងរួមគ្នាធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ រួមមាន អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និង អនុស្សារណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡា ៕