ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្ត កំពតចាប់កូនប្រុស អកតញ្ញូដេញកាប់ម្តាយ

ចែករំលែក៖

ខេត្តកំពត៖ កម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ៣១៧ កោះស្លា បានចាប់ វាយខ្នោះយុវជនម្នាក់ ដែលកាន់កាំបិតដេញកាប់ម្តាយកាលពីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ។

លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៨និង ៣០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ មានករណីហិង្សា ក្នុងគ្រួសារ មួយកើត ឡើងនៅចំណុចភូមិ-ឃុំ កន្លែងឃាត់ខ្លួន ជនល្មើសខាងលើ ។

លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា បន្តថា ជនសង្ស័យ ឈ្មោះ ហៀក សីហា អាយុ២២ឆ្នាំ បានធ្វើសកម្មភាព ដោយ យកកាំបិតដេញកាប់ម្តាយជាជនរងគ្រោះ ឈ្មោះ ហៀក ធារ៉ា តែមិនបណ្តាលឱ្យរង របួសទេ ពីព្រោះម្តាយ បានរត់គេចចូលទៅផ្ទះអ្នកជិតខាងឲ្យគេជួយធ្វើអន្តរាគមន៍ ។

លោកវរសេនីយ៍ទោ បានបន្ថែមទៀត ថា មូលហេតុដែលនាំឲ្យជនល្មើសរូបនេះ ដេញកាប់ម្តាយនោះគឺដោយសារតែគេ ស្រវឹងស្រាខ្លាំង ហើយម្តាយស្តីប្រដៅបន្តិចបន្តួចមានចិត្តខឹង ។ លុះមកដល់ថ្ងៃទី១២ ខែធ្នូ ទើបម្តាយជាជនរងគ្រោះសម្រេច ចិត្តមកដាក់ពាក្យបណ្តឹង នៅស្នាក់ការ សន្តិសុខលេខ៣១៧ កោះស្លា ។

បន្ទាប់ពីបានទទួលពាក្យបណ្តឹង កម្លាំង កងរាជអាវុធហត្ថស្នាក់ការបានចុះទៅឃាត់ខ្លួន ជនល្មើសនិងវត្ថុតាងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ។

បច្ចុប្បន្នមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តបាននិងកំពុងកសាងសំណុំរឿងចាត់ ការតាមនីតិ វិធី ៕ ហេង នរិន្ទ្រ

1


ចែករំលែក៖