ខេត្តក្រចេះ៖បុរសជាអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកឈើម្នាក់ បានស្លាប់បាត់បងជីវិត ភា្លមៗ នៅក្រោមកំណាត់ឈើ និងអ្នករួមដំណើរម្នាក់ទៀតរបួសធ្ងន់ ខណះដែលជនរងគ្រោះទាំងពីរនាក់ កំពុងបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកឈើជាច្រើនគីប នៅពេលយប់និងត្រូវរថយន្តសាំយ៉ុងបុកពីក្រោយ រុញចូលក្រោមផ្ទះពលរដ្ឋ។
នគរបាលចរាចរណ៍ឲ្យដឹងថា យប់ថ្ងៃកើតហេតុទី១២ ខែធ្នូ ជនរងគ្រោះទាំងពីរនាក់បានបើករ៉ឺម៉កដឹកឈើគ្រឿងផ្ទះ សំដៅនាំឆ្ពោះទៅកាន់ស្រុកឆ្លូង លើផ្លូវជាតិលេខ៧៣ ក្រចេះ,ឆ្លូង ។ នៅពេលបើកមកដល់ចំនុចកើតហេតុ ក្នុងឃុំបុសលាវ ស្រុកចិត្របុរី ក៏ត្រូវរថយន្តសាំយ៉ុងមួយគ្រឿង ពណ៍សរ ពាក់ស្លាកលេខភ្នមពេញ 2V.4719 បានបើក បុកពីក្រោយ បណ្តាលឲ្យជនរងគ្រោះទាំងពីរផ្លោងខ្ទាតស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។
បុរសរងគ្រោះ ដែលស្លាប់ត្រូវបានគេស្គាល់អត្តសញ្ញាណថាឈ្មោះ ពាង ភឹន អាយុ២៦ឆ្នាំ រស់នៅស្រុកសំបូរ ជាអ្នកបើកម៉ូតូត្រូវស្លាប់ និងម្នាក់ទៀតឈ្មោះ វ៉ាន់ សូ អាយុ២៥ឆ្នំា ជាព្រូរ៉ឺម៉ក រស់នៅស្រុកសំបូរដូចគ្នា ត្រូវរងរបួសធ្ងន់។
យ៉ាងណាក្នុងហេតុការណ៍នេះ នគរបាលមិនទាន់បានកំណត់ថា តើភាគីខាងណា ខុស ខាងណាត្រូវនៅឡើយទេ។ ដោយគ្រាន់តែអះអាងថាវត្ថុតាងទាំងពីរមានរថយន្ត សាំយ៉ុងមួយគ្រឿងដែលអ្នកបើកបរបានគេចខ្លួន ក្រោយពីបង្កហេតុរួចនិងរ៉ឺម៉កឈើមួយ គ្រឿងទៀត ត្រូវបាននាំមករក្សាទុកដើម្បីបន្តចំណាត់ការតាមនិតិវិធី។
មន្រ្តីនគរបាលចរាចរណ៍បានសន្និដ្ឋានថា មូលហេតុអាចបណ្តាលមកពី រថយន្តសាំ យ៉ុងបើកបរលឿនខ្វះការប្រុងប្រយ័ត្ន ស្របពេលដែលរ៉ឺម៉កម៉ូតូដឹកឈើមួយគ្រឿងនេះក៏ មិនមានបិទចំណាំងផ្លាតបំភ្លឺជាសញ្ញានៅពេលយប់ផងដែរនោះ៕ កោះទ្រុង