ព័ត៌មានទាន់ហេតុការណ៍៖

បុរសសំបូរស្នេហ៍ម្នាក់លួចមានប្រពន្ឋ២,៣តែឯង ដល់បែកការ ផ្អើលពេញប៉ុស្ដិ៍ចោមចៅ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បានមានប្រពន្ធរួចមកហើយ រួចទៅលួចលាក់មានស្រីក្មេងទៀត ធ្វើឲ្យប្រពន្ធតាមទាន់ផ្អើលពេញប៉ុស្តិ៍នគរបាល ចោមចៅ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ។

ហេតុការណ៍នេះដែរគឺ ដោយសារស្ត្រីជាប្រពន្ធទី២ បានមកដាក់ពាក្យបណ្តឹងប្តឹងទៅលើបុរសជាប្តីថា បានលួចលាក់មានស្រីថ្មី ដោយត្រូវកម្លាំងចុះឃាត់បុរសនោះ រួមទាំងស្ត្រីម្នាក់នោះ យកមកសាកសួរ ។ បន្ទាប់ពីសួរចុះឡើងៗ ទើបបែកធ្លាយថា ការពិតស្រីស្នេហ៍ នោះ ជាប្រពន្ធទី៣ដែលមានអេតាស៊ីវិលត្រឹមត្រូវ ខណៈបុរសនោះក៏មានប្រពន្ធទី១ (គឺប្រពន្ធដើម) នៅឯខេត្តតាកែវម្នាក់ទៀត និងកំពុងធ្វើដំណើរមកប៉ុស្តិ៍ចោមចៅផងដែរ ។

ស្ត្រីជាប្រពន្ធទី២ ជាអ្នកប្តឹងនោះ ឈ្មោះស៊ឹម ស៊ុយហេង អាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅស្រុកឆ្លូង ខេត្តក្រចេះ ។ រីឯបុរសជាប្តីឈ្មោះសោម ផា អាយុ៥១ឆ្នាំ និងស្តីទី៣ឈ្មោះមុំ អាយុជាង៣០ឆ្នាំ ទាំង២នាក់កំពុងស្នាក់នៅម្តុំជម្ពូវ័ន ក្រុមទី១០ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែក ស្ត្រីប្រពន្ធដើមទី១ រស់នៅឯខេត្តតាកែវ ។

បើតាមស្ត្រីប្រពន្ធទី២ បានអះអាងប្រាប់សមត្ថកិច្ចថា ខ្លួននិងប្តីនោះបានស្រឡាញ់៥ឆ្នាំមកហើយ ដោយមានចុះអេស៊ីវិលជាមួយគ្នាទៀត ។ តែថ្មីៗនេះទើបបែកធ្លាយថា ប្តីនោះក្បត់គាត់ដោយគាត់ដឹងថា មានស្រីនៅម្តុំជម្ពូវ័ន ទើបគាត់មកប្តឹង ដោយទាមទារសំណងបញ្ចប់រឿងចំនួន១០លានរៀល និងម៉ូតូហុងដា012មួយគ្រឿង ។ ស្ត្រីទី២អះអាងទៀតថា បើសិនជាប្តីនោះ អត់ព្រមឱ្យគាត់ទេ គាត់នឹងឲ្យច្បាប់ចាត់ការហើយ ។

ប្រភពមួយទៀតឱ្យដឹងថា ស្ត្រីប្រពន្ធដើមត្រូវរ៉ូវគ្នាជាមួយប្រពន្ធទី៣នោះ ដោយពួកគេមិនព្រមឱ្យប្តីធ្វើតាមស្ត្រីជាប្រពន្ធទី២នោះទេ ។ ក្នុងនោះប្រពន្ធដើម ក៏បាននិយាយទូរស័ព្ទជាមួយប្រពន្ធទី២ថា បើនាងហ៊ានធ្វើដូច្នេះ គាត់នឹងប្តឹងស្ត្រីទី២នោះវិញ នឹងទារសំណង៥ពាន់ដុល្លារ ។

ទោះបីជាយ៉ាងណា សមត្ថកិច្ចនៅមិនទាន់ចំណាត់ការបែបណាទេ រវាងពួកគេទាំង៣នាក់នេះ ដោយកំពុងតែសាកសួរនៅប៉ុស្តិ៍ចោមចៅនៅឡើយ ៕សុខាសែនជ័យ

 


ចែករំលែក៖