ព័ត៌មានទាន់ហេតុការណ៍៖

បំបែកសម្បុកចែកចាយថ្នាំញៀននៅកៀនស្វាយចាប់ខ្លួនមុខសញ្ញា២នាក់ ដកហូតបានថ្នាំញៀនជាង១០០កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាល: មុខសញ្ញារក្សាទុកដើម្បីចែកចាយនិងប្រើប្រាស់ថ្នាំញៀនចំនួន២នាក់ក្នុងចំណោម៣នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនកាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១១០កញ្ចប់ ក្នុងនោះធំ១កញ្ចប់ និង មធ្យម២កញ្ចប់ ។

ប្រតិបត្តិការនេះដឹកនាំដោយលោកអ៊ួន សុផាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល….. ជាលទ្ធផលសមត្ថកិច្ចចាប់ខ្លួនបានជនសង្ស័យចំនួន២នាក់ក្នុងចំណោម៣នាក់ ដកហូតបានថ្នាំញៀនជាង១០០កញ្ចប់ សម្ភារៈមួយចំនួនទៀត។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះទុំ វុត្ថា ភេទប្រុស អាយុ២២ឆ្នាំ គ្មានមុខរបរពិតប្រាកដ និងម្នាក់ទៀតមានឈ្មោះថុន រ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ គ្មានមុខរបរពិតប្រាកដ ។ ជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនមានឈ្មោះហេង ម៉េងហុង ហៅអាខ្ចង ភេទប្រុស អាយុ២៨ឆ្នាំ ។ ជនសង្ស័យទាំង៣នាក់មានទីលំនៅក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោកអ៊ួន សុផាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយបានអោយដឹងថា បន្ទាប់ពីទទួលបានពត៍មានពីប្រជាពលរដ្ឋកម្លាំងជំនាញបានចុះមកស៊ើបអង្កេតទីតាំងផ្ទះក្រុមជនសង្ស័យសម្ងំរកស៊ីចែកចាយនិងប្រើប្រាស់ថ្នាំញៀនអស់រយៈពេលជាង១សប្តាហ៍ ។ ពេលកំណត់បានមុខសញ្ញាច្បាស់លាស់លោកក៍បានសុំយោបល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធខេត្តនិងសុំការអនុញ្ញាតិពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ។ បន្ទាប់ពីមានការអនុញ្ញាតិកម្លាំងកងរាជអាវុធហត្ថស្រុកបានព័ទ្ធទីតាំងផ្ទះរបស់ជនសង្ស័យទើបឈានដល់ការចាប់ខ្លួនបាន២នាក់ រឹបអូសបានថ្នាំញៀន១១០កញ្ចប់ , កាំភ្លើងកែច្នៃ២ដើម , ដាវសាំមូរ៉ៃ១ , ជញ្ជីងសម្រាប់ផ្លឹង១ និងឧបករណ៍សម្រាប់វេចខ្ចប់ជាច្រើនទៀត ។ ដោយឡែកជនសង្ស័យម្នាក់ទៀតបានគេចខ្លួនមុនពេលសមត្ថកិច្ចព័ទ្ធទីតាំង ។

បច្ចុប្បន្នជនសង្ស័យទាំ២នាក់រួមជាមួយថ្នាំញៀនជាង១០០កញ្ចប់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕សណ្តោស

ase-1 ase-2 ase-3 ase-4


ចែករំលែក៖