ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវ៥៧ ខ្សែ ក្នុងខណ្ឌ០៩ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចធ្វើការជួសជុល ដោយចាក់បេតុង តាមស្ដង់ដារ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចជួសជុល កែលម្អលើ កំណាត់ផ្លូវចំនួន៥៧ខ្សែ បន្ទាប់ពីរងការខូចខាត ទាំងស្រុង ដោយសារ រថយន្ដធុនធ្ងន់ ឆ្លងតាត់ និងបន្ទាប់ពីមានការរអ៊ូរទាំពីប្រជាពលរដ្ឋដែលធ្វើដំណើរផងនោះ ការសម្រេចជាឯកច្ឆ័ននេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំគណៈអភិបាលរាជធានី ភ្នំពេញ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ស្តីពីត្រួតពិនិត្យការងារ ជួសជុល និងថែទាំផ្លូវចំនួន៥៧ខ្សែ ក្នុងខណ្ឌចំនួន៩ ក្នុងរាជធានីភ្នំពេញ។

ខណ្ឌទាំង៩នោះ មានខណ្ឌទួលគោក ចំការមន ៧មករា ដូនពេញ និងខណ្ឌសែនសុខដែលមានផ្លូវថ្នល់ខូចខាតច្រើនជាងគេដោយសារការស្ថាបនាគ្មានស្តង់ដារនិងគុណភាព។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានសម្រេចជួសជុលផ្លូវដោយចាក់ បេតុង និងអ៊ុតកៅស៊ូACជាបន្ទាន់លើផ្លូវទាំង៥៧ខ្សែនោះ ឲ្យរួចមុនចូលឆ្នាំប្រពៃណីខ្មែរ។ គម្រោងជួសជុល និងកែលម្អផ្លូវទាំងនោះរួមមាន៖ គម្រោងកែលម្អចំណុចប្រសព្វរង្វង់មូលចោមចៅនិងពង្រីកផ្លូវ មុខតំបន់ព្រលានយន្តហោះគម្រោងផ្លូវ លើផ្លូវដែកពីគីឡូម៉ែត្រលេខ៦ឫស្សីកែវ រហូតដល់ផ្លូវR៦បឹងកក់ដែលត្រូវពន្លឿនការងារជាមួយក្រសួងសាធារណការ ជាដើម។

លោក បានថ្លែងថា «បងប្អូនដែលធ្លាប់មានបញ្ហាកកស្ទះនៅរង្វង់មូលចោមចៅ និងតំបន់មុខព្រលានយន្តហោះ នឹងលែងបារម្ភទៀតហើយ។នេះគឺជាគម្រោងពង្រីកផ្លូវសហព័ន្ធរុស្ស៊ីចាប់ពីចំណុចប្រសព្វផ្លូវ២០០៤ រហូតដល់រង្វង់មូលចោមចៅ ដែលចាប់ផ្តើមនាពេលឆាប់ៗនេះ។ មិនតែប៉ុណ្ណោះស្ពានអាកាសក៏ជិតចេញដែរ»។លោកបន្តថា «ដើម្បីសម្រួលចរាចរដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរចេញចូលរាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័នច្រើនយ៉ាងណាស់ពិសេសការស្ថាបនា និងការជួសជុលផ្លូវដែលខូចខាត ការស្ថាបនាបណ្តាញលូមេនិងការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈជាដើម»។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យដឹងថា គម្រោងជួលជុលផ្លូវទំាង៥៧ខែ្សនោះ មានប្រវែងសរុបទំាងអស់៦៤គីឡូម៉ែត្រ ដែលនឹងបើកការរដ្ឋានជួសជុលនាប៉ុន្មានថ្ងៃខាងមុខនេះដោយធ្វើទំាងយប់ទំាងថ្ងៃ។ លោកបញ្ជាក់ថា បច្ចុប្បន្នផ្លូវទំាងនេះប្រមាណ៦០ភាគរយគឺជាជង្ហុកសំបុកមាន់ពិបាក ដែលរងការខូចខាតដោយសារទឹកភ្លៀង គ្រឹះ និងការអ៊ុតកៅស៊ូមិនរឹងមាំ ជាដើម។

សូមបញ្ជាក់ថា ៖ អាជ្ញាធររាជធានីភ្នំពេញ កំពុងព្រាងប្លង់ស្ពានអាកាសនិងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅជាបួនជម្រើស មុននឹងធ្វើការអនុវត្តសាងសង់៕ សំរិត

image1 image2 image3


ចែករំលែក៖