ភ្នំពេញ: ជនបរទេសអន្តោប្រវេសន៍ចំនួន៣៨នាក់ ស្រី១៣នាក់ សុទ្ធតែជនជាតិវៀតណាមត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិអូអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន និងមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានអោយដឹងថា ជនជាតិវៀតណាមទាំង៣៨នាក់និងបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីធ្វើការត្រួតពិនិត្យឯកសារពាក់ព័ន្ធ បើមិនមានទេនោះនិងត្រូវបណ្តេញចេញទៅប្រទេសដើមវិញ ពោលគឺអនុវត្តទៅតាមច្បាប់អន្តោប្រវេសន៍របស់ប្រទេសកម្ពុជា ប៉ុន្តែមុននិងបញ្ជូនទៅប្រទេសដើមវិញសមត្ថកិច្ចជំនាញបានអញ្ជើញមន្ត្រីស្ថានទូតវៀតណាមមកទទួលយកទើបបំពេញបែបបទបញ្ជូនទៅសម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំការសម្រេចបញ្ជូនទៅប្រទេសវៀតណាមវិញ ៕ សណ្តោស