ខេត្តឧត្តរមានជ័យ៖ កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ក្មេង៣នាក់បានលង់ទឹកស្រះនៅខាងក្រោយផ្ទះចម្ងាយ១៥០ម៉ែត្រ ស្ថិតនៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបណ្តាលឲ្យស្លាប់ខណៈពួកគេទៅមុជទឹកលេងនៅទីនោះ ។ក្មេងរងគ្រោះដែលលង់ទឹកស្លាប់ ទី១- ឈ្មោះ កិ សុខល័ក្ខ ភេទប្រុស អាយុ៩ឆ្នាំ រស់នៅភូមិកើតហេតុ មានឪពុកឈ្មោះ ឡន ភាព អាយុ៤២ឆ្នាំ ម្តាយឈ្មោះ ឃីម រុំ អាយុ ៣៨ឆ្នាំ ទី២- ឈ្មោះ កិ សុខឡា ភេទប្រុស អាយុ៦ឆ្នាំ រស់នៅភូមិកើតហេតុ ត្រូវជាប្អូន បង្កើតជាមួយ កិ សុខល័ក្ខ និងទី៣-ឈ្មោះ ណេង ណាណែត ភេទប្រុស អាយុ៤ឆ្នាំ រស់ នៅភូមិកើតហេតុ ត្រូវជាក្មួយ កិ សុខល័ក្ខ មានឪពុកឈ្មោះ ញិប ណាន អាយុ៣០ឆ្នាំ ម្តាយឈ្មោះ ស្រី រ័ត្ន អាយុ២១ឆ្នាំ ។
អ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុក្មេងប្រុសរងគ្រោះទាំង៣នាក់បាន លេងផេះចំបើងប្រឡាក់ខ្លួនរួចហើយក៏នាំគ្នារត់ទៅមុជទឹកស្រះលេងទៀតទើប បណ្តាលឲ្យលង់ស្លាប់ទាំង៣នាក់តែម្តង ខណៈឪពុកម្តាយភ្លេចខ្លួន ។
ករណីនេះកម្លាំងនគរបាលស្រុកអន្លង់វែងបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ឃើញថា ក្មេងប្រុសរងគ្រោះទាំង៣នាក់ស្លាប់ដោយសារលង់ទឹកប្រាកដមែនហើយ សមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៉ែន នួន