ភ្នំពេញ ៖ បុរសម្នាក់ក្រោយបញ្ចប់ពីម៉ោងការងារ ឆ្លៀតជួបជុំមិត្តភក្តិផឹកសុីឆ្អែតអស់ចិត្ត ស្រវឹងហើយជិះមូ៉តូ ទៅរកផឹកសុីមួយកន្លែងទៀត ជាអកុសល ល្បឿនលឿនគេចពីរថយន្តជ្រុលទៅបុកបង្គោលភ្លើង រងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណុឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ រិន រ៉ាន់ឌី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហុ៊នឯកជន ស្នាក់នៅផ្ទះជួល ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិធ្លក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។ ជនរងគ្រោះជិះមូ៉តូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN-7636 ។
តាមប្រភពពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ បោះពួយមូ៉តូលឿនស្លេវ ពីកើតទៅលិច ក្នុងស្ថានភាពស្រវឹង លុះដល់ចំណុចខាងលើ គេចពីរថយន្ត ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបណ្តាលឲ្យមូ៉តូ បាក់កង់មុខ ខ្លួនរងរបួសធ្ងន់ ។
បើតាមសម្តីជនរងគ្រោះទាំងធំក្លិនស្រាមុនពេលសន្លប់បានឲ្យដឹងថា ក្រោយបញ្ចប់ម៉ោងការងារ ខ្លួនមិនទាន់ចូលផ្ទះជួលភ្លាមទេ បានជួបជុំមិត្តភ័ក្រ នាំគ្នាផឹកសុី រហូតស្រវឹង ដោយមិនទាន់អស់ចិត្ត ទាំងមិត្តភ័ក្រណាត់គ្នាទៅរកកន្លែងផឹកសុីបន្តសប្បាយទៀត ខ្លួនក៏ជិះកាត់តាមផ្លូវវេងស្រេង ជ្រុលចង្កួត បុកបង្គោលភ្លើងដួលតែម្តង ។ ជនរងគ្រោះបន្តទៀតថា រូបគេមានប័ណ្ណ អែ៊នសួរ៉េន តម្រូវចូលពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យបាយ័ន្ត ទើបស្នើរសុំខាងរថយន្តសង្រ្គោះ មេត្តាជួយដឹកបញ្ជូនរូបគេ ទៅមន្ទីរពេទ្យបាយ័ន្តផង ហើយក៏សន្លប់តែម្តងទៅ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យតាមការស្នើសុំ ។ ដោយឡែកខណៈដែលហេតុការណ៍ខាងលើកើតឡើង ជនរងគ្រោះត្រូវបានតថយន្តសង្រ្គោះដឹកចេញទៅបាត់ ក៏លេចមុខ បុរស២នាក់ជិះមូ៉តូធន់ធំ មិនស្គាល់ម៉ាក មិនចាំស្លាកលេខមកដល់ អះអាងថាជាមិត្តភក្តិរបស់ជនរងគ្រោះ បានគម្រាមមកលើអ្នកសារព័ត៌មានច្រើននាក់ដែលកំពុងថតរូបភាព មិនឲ្យថតរូប គំរាមចាប់កាមេ៉រ៉ាបោលចោល ហើយលើកមូ៉តូរបស់ជនរងគ្រោះ ដឹកបើករត់គេចទៅបាត់ សូម្បីតែសមត្ថកិច្ចមកមិនទាន់ផង ៕ សុខាសែនជ័យ