ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើករថយន្ដបុកម៉ូតូត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ដឡិចសុីស RX400 មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នត្រង់ចំណុចផ្លូវបំបែកជាបួនជ្រុលបុកម៉ូតូហុងដាឌ្រីមសង់មួយគ្រឿងអូសគៀបជាប់ក្រោមរថយន្ដបណ្ដាលអោយម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយរថយន្ដបង្កព្យាយាមបើករត់គេចតែត្រូវកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋដេញតាមឃាត់បានទាន់ពេលវេលា។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៥១ កែងនឹងផ្លូវលេខ២០០ ស្ថិតក្នុងសង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ ហើយរថយន្ដបង្កបានព្យាយាមបើករត់គេចរហូតដល់ផ្លូវលេខ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ទើបឃាត់រថយន្ដបាន។

រថយន្ដបង្កម៉ាកឡិចសុីសRX400 ពណ៍ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-0999 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ចំណែកម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីមសង់ ពណ៍ខ្មៅ ជិះដោយបុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ទិសដៅពីត្បូងទៅជើង (បញ្ច្រាសទិសចរាចរណ៍) ពេលមកដល់ចំណុចកើតហេតុស្របពេលដែលរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០ទិសដៅពីកើតទៅលិចឆ្លងផ្លូវលេខ៥១ក៏ជ្រុលបុកម៉ូតូចំពេញទំហឹងបណ្ដាលអោយម៉ូតូគៀបជាប់ក្រោមរថយន្ដអូសប្រហែល៥ម៉ែត្ររងការខូចខាត ចំណែកម្ចាស់ម៉ូតូខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់។

ក្រោយកើតហេតុ ម្ចាស់រថយន្ដបានឈប់រថយន្ដហើយចុះមកមើលជនរងគ្រោះបានបន្តិចក៏ឡើង រថយន្ដបើកថយក្រោយទំលាក់ម៉ូតូចេញហើយព្យាយាមបើករត់គេចរហូតដល់ផ្លូវលេខ៥៩២ ទើបសមត្ថកិច្ចដេញតាមឃាត់បាន។

ក្រោយពីឃាត់រថយន្ដបង្កបានសមត្ថកិច្ចបានទំនាក់ទំនងទៅកម្លាំងជំនាញអោយមកយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រផ្លូវគោករាជធានីភ្នំូពេញដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕ ព្រែកជ័យ

1 2 3


ចែករំលែក៖