ព័ត៌មានទាន់ហេតុការណ៍៖

បាក់ដងស្ទូចរថយន្តសង្កត់កម្មករអគ្គីសនីម្នាក់បែកទ្រូងស្លាប់យ៉ាងវេទនា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសកម្មករអគ្គីសនីម្នាក់ ត្រូវដងស្ទូចរថយន្តបាក់សង្កត់បែកទ្រូងស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម នៅកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះឡើងឈរពីលើទូកុងតឺន័រជួយទាញខ្សែកាបិ៍្លនៅពេលរថយន្តកំពុងធ្វើសកម្មភាពស្ទូចលើកទូកុងតឺន័រពីដីដាក់នៅលើរថយន្តបំណងដឹកចេញទៅការដ្ឋានកន្លែងផ្សេងនោះ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតមានឡើងនៅម៉ោងប្រមាណ២រសៀល ថ្ងៃទី១៤ ខែធ្នូ ស្ថិតនៅចំណុចផ្លូវលំក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

មន្ត្រីកងរាជអាវុធហត្ថស្រុកបានដកស្រង់សំដីប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស្ទូចមួយគ្រឿងនេះ បើកមកចំណុចកើតហេតុហើយ ក៏រៀបចំធ្វើសកម្មភាពស្ទូចទូកុងតឺន័រពីដី ហើយក្នុងពេលកំពុងលើកស្ទូចនោះ ស្រាប់តែចៃដន្យដងស្ទូចដែកនោះបានបាក់ធ្លាក់មកសង្កត់លើជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗ ដោយមិនអាចជួយសង្គ្រោះបានឡើយ។

ក្រោយកើតហេតុ តៃកុងរថយន្តស្ទូច និងព្រូរថយន្តបាននាំគ្នារត់គេចខ្លួនបាត់អស់ មុនសមត្ថកិច្ចចុះទៅដល់។ មន្ត្រីដដែលបានឲ្យដឹងទៀតថា សពជនរងគ្រោះមានឈ្មោះ កុយ រ៉ា ភេទប្រុស អាយុ២២ឆ្នាំ (មានមុខរបរកម្មករក្រុមហ៊ុនអគ្គីសនី អុីអុឹម ) បច្ចុប្បន្នស្នាក់នៅភូមិត្រពាំងពិការឃុំ អំពិល ស្រុក រមាសហែក ខេត្តស្វាយរៀង។

មន្ត្រីអាវុធហត្ថបានឲ្យដឹងទៀតថា រថយន្តស្ទួច ម៉ាកអុីយ៉ានដាយ ក្បាលពណ៌លឿង ពាក់ស្លាកលេខ ភំ្នពេញ3C-0766 ជាកម្មសិទ្ធរបស់ក្រុមហ៊ុនឯកជន។ ភ្លាមៗនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណឈ្មោះក្រុមហ៊ុន និងតៃកុងរថយន្តបង្កដើម្បីដោះស្រាយតាមផ្លូវច្បាប់។

បច្ចុប្បន្នវត្ថុតាងខាងលើយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកកំពង់សិលា ចំណែកសាកសពរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ឆ្លាម សមុទ្រ

unnamed-1 unnamed-2 unnamed-3 unnamed-4 unnamed


ចែករំលែក៖