ព័ត៌មានទាន់ហេតុការណ៍៖

សិល្បករជាច្រើនរូបចូលរួមសម្ពោធរឿង“កំពូលល្ងង់នៅអាស៊ី”

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង តារាចម្រៀង និងពិធីករជាច្រើនរូប បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងព្រឹត្តិការណ៍សម្ពោធខ្សែភាពយន្តរឿង កំពូលល្ងង់នៅអាស៊ី ដែលជាស្នាដៃភាពយន្តបែបកំប្លែង ដែលជាស្នាដៃដំបូងរបស់ផលិតកម្មGalaxy។ កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០១៦ នៅរោងភាពយន្តMajor Cineplex នាផ្សារទំនើបអ៊ីអន។

ព្រឹត្តិការណ៍សម្ពោធទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងមុនពេលខ្សែភាពយន្តនេះត្រូវបានចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៦។ ការបង្ហាញឈុតឆាកខ្លីៗ វត្តមានតារាសម្តែងក្នុងខ្សែភាពយន្តខាងលើ ការបង្ហាញវត្តមានក្រុមការងារផលិត និងសម្តែងសមត្ថភាពសិល្បៈត្រូវបានធ្វើឡើងដើម្បីបង្កើនការចាប់អារម្មណ៍ពីមហាជន។ ខណៈដែលខ្សែវីដេអូខ្លី(Trailer)របស់ខ្សែភាពយន្តនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពោលគឺមានអ្នកចូលទស្សនាខ្ទង់លាន់នាក់កាលពីគ្រាកន្លងមក។

តារាសម្តែងនិងកំប្លែង បងប្អូន នាយពែកមី និងនាយគ្រឿន ដែលជាតួអង្គសំខាន់ក្នុងខ្សែភាពយន្តនេះ បានលើកឡើងថា សម្រាប់ការងារសម្តែង បែបកំប្លែងមិនផ្តល់ការលំបាកច្រើនសម្រាប់លោកឡើយ។ អ្នកទាំងពីរបញ្ជាក់ស្រដៀងគ្នាថា ភាពយន្តបែបកំប្លែងថ្មីនេះ គឺជារសជាតិថ្មីដែលផលិតករ និងសិល្បកររួមគ្នាបង្កើតទស្សនីយភាពមួយបែបទៀត សម្រាប់អ្នកទស្សនា។ ពួកគេរំពឹងដែរថាអ្នកដែលនិយមគាំទ្រខ្សែភាពយន្តបែបកំប្លែង និងបន្តគាំទ្រខ្សែភាពយន្តថ្មីដែលពួកគេសម្តែងរួមគ្នាជាមួយនឹងសិល្បករដទៃជាច្រើនទៀត។

លោកឡេងណាវ៉ាត់ត្រាម្ចាស់ផលិតកម្មGalaxy បានបញ្ជាក់ថា លោកពិតជាមានក្តីរំភើបនឹងវត្តមានសិល្បករក្មេងចាស់ប្រុសស្រី ក្នុងឱកាសនេះដែលបានបញ្ជាក់ពីការលើកទឹកចិត្ត និងគាំទ្រស្នាដៃខ្មែរ។ លោកបញ្ជាក់ដែរថាវាគឺជាកម្លាំងចិត្តសម្រាប់លោក និងក្រុមការងារបន្តការខិតខំប្រឹងប្រែងទៀតសម្រាប់ខ្សែភាពយន្តនិងស្នាដៃសិល្បៈបន្ទាប់ទៀត។ លោកថាចាប់ពីថ្ងៃទី១៥ធ្នូតទៅខ្សែរឿង«កំពូលល្ងង់នៅអាស៊ី»នឹងត្រូវបានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត។ក្រៅពីការប្រកាសនេះលោកក៏បង្ហាញពីក្តីរំពឹងក្នុងការទទួលបានអ្នកគាំទ្រច្រើនចូលទស្សនាខ្សែភាពយន្តដែលជាស្នាដៃដំបូងរបស់ផលិតកម្មលោកព្រោះតែខ្សែភាពយន្តនេះប្រមូលផ្តុំដោយសិល្បករផលិតករដែលមានបទពិសោធន៍និងប្រជាប្រិយភាពខ្ពស់។លោកថាទាំងបច្ចេកទេសថត និងខ្លឹមសារសាច់រឿងនេះ ពិតនឹងធ្វើឲ្យអ្នកទស្សនាទទួលបានភាពសប្បាយរីករាយកម្សត់រន្ធត់ជាក់ជាមិនខាន។

សំបុត្រចូលទស្សនាខ្សែភាពយន្តនេះមិនគិតថ្លៃ និងផ្តល់ជូនកម្មកររោចចក្រប្រមាណ២០០នាក់ ក៏នឹងត្រូវធ្វើនៅ៦ថ្ងៃក្រោយបន្ទាប់ពីភាពយន្តនេះបានចាក់បញ្ចាំង។ ដូចនេះកម្មកររោចចក្រទាំងអស់ ប្រសិនបើចង់ទៅទស្សនាភាពយន្តនេះដោយមិនអស់ប្រាក់ត្រូវទៅទស្សនានៅថ្ងៃ២១ ខែធ្នូ ឆ្នាំ២០១៦តទៅ ។

គួរបញ្ជាក់ដែរថា រឿង “កំពូលល្ងង់នៅអាស៊ី” ជាប្រភេទរឿងមនោសញ្ចេតនា បែបកំប្លែងទំនើប ដែលប្រជុំទៅដោយតារាល្បីៗជាច្រើន មានដូចជា នាយពែកមី នាយគ្រឿន នាយកណ្ដុរ លោកម៉ារ៉ា ប៊ុណ្ណា កញ្ញារីយ៉ា ជាដើម។ ខ្សែភាពយន្តនេះ ត្រូវបានចំណាយដើមទុនក្នុងការផលិតប្រមាណ៦ម៉ឺនដុល្លារអាមេរិក។បទចម្រៀង “កំពូលល្ងង់នៅអាស៊ី” ដែលផលិតកម្មបង្ហោះលើបណ្ដាញសង្គមកន្លងមក មានអ្នកគាំទ្រជាង២លានដង ហើយ ចំពោះTrailer រឿងវិញមានអ្នកទស្សនារហូតដល់ទៅជិត២លានដងផងដែរ៕ វឌ្ឍនា

img_9281 img_9340 img_9354


ចែករំលែក៖