ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដយីឌុបបុករះម៉ូតូ ស្លាកគណបក្ស និងបង្គោលភ្លើងនៅខណ្ឌ​ជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដយីឌុបធុនធំ១គ្រឿង សង្ស័យងងុយដេក ងោកមួយភាំងទើបជ្រុលចង្កូតទៅបុករះជាបន្តបន្ទាប់ ទាំងអ្នកបើកបរម៉ូតូ ស្លាកគណបក្សប្រជាជន និងបង្គោលភ្លើង១ដើម បណ្ដាលឲ្យបាក់ទ្រេតបង្កទៅជាដាច់ចរន្ដអគ្គិសនី ដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់នៅពេលរាត្រី តែសំណាងល្អមិនបណ្ដាលឲ្យ មានមនុស្សរងរបួសធ្ងន់ ឬបាត់បង់ជីវិតឡើយ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង៩យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី រស់ ខេមរិន អធិការរងទទួលផែនសណ្តាប់ធ្នាប់បានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីណូ ជាប្រភេទរថយន្ដសណ្តោងយីឌុបធុនធំ ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 4A-2574 ចំណែកអ្នកបើកបរមិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះឈ្មោះ ដេត កណ្ណិការ អាយុ២០ឆ្នាំស្នាក់នៅ ភូមិ-សង្កាត់កើតហេតុខាងលើ និងជាអ្នកបើកបរម៉ូតូ១គ្រឿងម៉ាក Duke ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1FN-9769។

លោកអធិការរង បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តសណ្តោងធុនធំ១គ្រឿង ខាងលើបើកបរ ដោយបុរសម្នាក់ ក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើងស្របទិសគ្នា និងម៉ូតូ១គ្រឿងម៉ាក Duke ដែលបើកពីខាងមុខរថយន្ដ តាមបណ្តោយផ្លូវជាតិលេខ៦ ខណៈបើកមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបររថយន្ដងងុយដេកងោក មួយភាំងបានរេចង្កូតមកខាងស្ដាំដៃ ហើយក៏ជ្រុលទៅបុកម៉ូតូចំពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើក និងម៉ូតូប៉ើងខ្ទាតផុតពីរថយន្ដ រងរបួសស្រាល ហើយរថយន្ដនូវមានល្បឿនលឿន ក៏ជ្រុលទៅបុកជាបន្តបន្ទាប់ចំស្លាក គណបក្សប្រជាជនកម្ពុជា និងបង្គោលភ្លើង ដែលនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យបាក់ទ្រេតដាច់ប្រអប់កាប៉ីនភ្លើងធ្លាក់ រប៉ាត់រប៉ាយពេញផ្លូវ បង្កទៅជាដាច់ចរន្ដភ្លើងអគ្គិសនី ងងិតសូន្យសុង ដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់ទើបរថយន្ដបង្កអស់ល្បឿន និងរងការខូចខាត យ៉ាងដំណំទៅមុខលែងរួច ខណៈអ្នកបើកបររថយន្ដ បានដាក់មេប្រូជភ្លាមៗ បន្ទាប់ពីកើតហេតុ។

ក្រោយពេលកើត កម្លាំងនគរបាលមូលដ្ឋានសហការជាមួយកម្លាំងជំនាញ ចុះវាស់វែង យកម៉ូតូ និងរថយន្តបង្កទៅរក្សាទុកនៅការិយា ល័យនគរបាលចរាចរផ្លូវគោករង់ចាំដោះស្រាយគ្នាជាក្រោយតាមនីតិវិធី៕ ជ្រោយពេជ្រ

imagejpeg_4 imagejpeg imagejpeg_1 imagejpeg_2 imagejpeg_3


ចែករំលែក៖