ខេត្តសៀមរាប៖ រូបភាពដែលបានចែករំលែកបន្តគ្នានៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកអំពីការស្ថាបនាផ្លូវក្រាលកៅស៊ូមួយកន្លែង ធ្វើឲ្យមានការរិះគន់ជាច្រើន ។ ទីបំផុតទៅ គេដឹងថា នោះគឺសកម្មភាពនៃការស្ថាបនាផ្លូវក្រាលកៅស៊ូមួយកន្លែង ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។ អាជ្ញាធរខេត្តសៀមរាបអះអាងថា នោះគឺជា បច្ចេកទេសនៃការធ្វើផ្លូវរបស់គេ ។
នៅក្នុងរូបភាព គឺគេឃើញផ្លូវលំដែលមានដីក្រហម ហើយត្រូវបានក្រុមមន្ត្រី ឬកម្មករនៃមន្ទីរសាធារណការ រោយគ្រាប់ថ្មតូចៗ ស្តើងៗនៅលើផ្លូវ ហើយចាក់កៅស៊ូពណ៌ខ្មៅពីលើនោះ ។ វាមិនមែនជាការចាក់កៅស៊ូនោះទេ ដែលនៅក្នុងបណ្តាញទំនាក់ទំនងសង្គម អ្នកខ្លះថា គឺយកជ័រកៅស៊ូទៅលាបលើផ្លូវលំតែប៉ុណ្ណោះ ។ ទិដ្ឋភាពបែបនេះញាំងឲ្យមានការរិះគន់ជាច្រើននៅក្នុងបណ្តាញសង្គម ។
ឆ្លើយតបនឹងការរិះគន់នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបញ្ជាក់ថា ៖ សូមជម្រាបជូនបងប្អូនប្រជាពល ក៏ដូចជាអ្នកសារព័ត៌មានមួយចំនួនឲ្យបានជ្រាបថា រូបភាពដែលថាផ្លូវទៅវត្តចក ឬផ្លូវលេខ២៦៧ ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប គឺយើងបានចាក់កៅស៊ូតាមលក្ខណៈបច្ចេកទេស លើស្រទាប់គ្រឹះបានត្រឹមត្រូវ ។ តែសូមបញ្ជាក់ជូនថា ស្រទាប់គ្រឹះ ឬថ្មម៉ិកនោះមានពណ៌ក្រហម ស្រដៀងនឹងដីក្រហម ទើបមានការយល់ច្រឡំពីមតិមហាជន ឬអ្នកសារព័ត៌មាន ។
មន្ត្រីមន្ទីរសាធារណការខាងលើបានបន្តថា «សំណូមពរបងៗអ្នកសារព័ត៌មានមួយចំនួន មុននឹងចុះផ្សាយ សូមមេត្តាទំនាក់ទំនងមកកាន់មន្ត្រីបច្ចេកទេសជាមុនសិនដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ កុំឲ្យមានការយល់ច្រឡំពីបងប្អូនប្រជាពលរដ្ឋ» ។
ប៉ុន្តែអ្វីដែលធ្វើឲ្យមានការរិះគន់កាន់តែខ្លាំងនោះ វាពិតណាស់ថា ការស្ថាបនាផ្លូវកៅស៊ូមួយកន្លែងនេះ មិនមែនមានលក្ខណៈតាមស្តង់ដារនោះឡើយ ។ ផ្ទុយទៅវិញ វាជាលក្ខណៈបច្ចេកទេសដូចដែលប្រជាពលរដ្ឋធ្លាប់លើកឡើងថា «ចាក់ស្តើងស៊ីក្រាស់» ហើយគេមិនដឹងថា តើផ្លូវដែលស្ថាបនានាកន្លងមកនៅក្នុងខេត្តសៀមរាបសុទ្ធតែមានលក្ខណៈបច្ចេកទេសបែបនេះឬយ៉ាងណានោះឡើយ?
ប្រការនេះប្រជាពលរដ្ឋស្នើឲ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល មេត្តាពិនិត្យមើលមន្ទីរសាធារណការខេត្តសៀមរាបធ្វើផ្លូវបែបនេះផង ។ តើវាត្រឹមត្រូវតាមបច្ចេកទេសដូចគេអះអាងមែនឬយ៉ាងណា? រឿងមន្ទីរសាធារណការខេត្តសៀមរាបពុករលួយនេះ មានច្រើនករណីណាស់ ៕ ហេង សូរិយា
[fbvideo link=”https://www.facebook.com/Nokorwatnews/videos/1267437983278637/” width=”600″ height=”400″ onlyvideo=”1″]