ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញជាតិពុលខ្ពស់នៅទីតាំងលក់ស្រា៣កន្លែងបណ្តាលឲ្យស្លាប់១៥នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ មជ្ឈមណ្ឌលជាតិ ពិសោធន៍សុខាភិបាលនៃក្រសួងសុខាភិបាលបានរកឃើញជាតិមេតាណុលក្នុងស្រាសលើសពី០,១៥ភាគរយដែលបណ្ដាល ឲ្យអ្នកផឹកពុលស្លាប់ចំនួន១៥នាក់ និងឈឺ ធ្ងន់៧៧នាក់នៅស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។ មន្ត្រីសុខាភិបាលបញ្ជាក់ថា បច្ចុប្បន្ន អ្នកជំងឺភាគច្រើនបានជាសះស្បើយ ប៉ុន្តែ ស្ថាប័នសុខាភិបាល និងតុលាការនៅបន្ត នីតិវិធីជុំវិញរឿងនេះ ។

របាយការណ៍លទ្ធផលវិភាគសំណាកស្រាសចំនួន៨សំណាកត្រូវបានមជ្ឈមណ្ឌល ជាតិពិសោធន៍សុខាភិបាលបញ្ចេញកាល ពីល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦បង្ហាញថា ក្នុងចំណោមទីតាំងផលិតស្រាសចំនួន៨ ទីតាំងមាន៣ទីតាំងរកឃើញជាតិពុល ឬ មេតាណុលកម្រិតខ្ពស់បណ្ដាលឲ្យអ្នកផឹកពុល។ ទីតាំងទី១មានកម្រិតរហូតដល់ ១,៤៣ភាគរយ ទីតាំងទី២មានកម្រិត ១,៧៤ភាគរយ និងទីតាំងទី៣មានកម្រិត ដល់០,២០ភាគរយ ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានថ្លែងថា ស្រាសដែលមានជាតិមេតាណុលលើសពី ០,១៥ភាគរយអាចធ្វើឲ្យអ្នកផឹកគ្រោះ ថ្នាក់ដល់ជីវិត។ សំណាកស្រាសទាំង៨ សំណាកដែលយកទៅពិសោធនោះបានប្រមូលចេញពីកន្លែងផលិតក្នុងឃុំក្ដុល សែនជ័យដែលជាឃុំទើបបង្កើតថ្មីក្នុងស្រុក ទឹកផុស ហើយជាទីតាំងមានមនុស្សពុលស្រាច្រើន ។

លោកប្រធានមន្ទីរបញ្ជាក់ថា មន្ត្រីជំនាញ សុខាភិបាលនៅបន្តចុះអប់រំផ្សព្វផ្សាយ ដល់ពលរដ្ឋក្នុងភូមិក្ដុល ដំណាក់អំពិល និង ភូមិកូនដំរី នៃឃុំក្ដុលសែនជ័យដើម្បីឲ្យ ពលរដ្ឋប្រុងប្រយ័ត្នចំពោះការទទួលទានស្រាដែលមិនដឹងពីប្រភព ឬការផលិត ច្បាស់លាស់។ ក្រៅពីវិធានការអប់រំក្រុមគ្រូ ពេទ្យក៏កំពុងព្យាបាលអ្នកជំងឺពុលស្រាមិនទាន់ជាសះស្បើយ២នាក់ទៀតដែលមានអាការប្រែប្រួលញឹកញាប់ ។

ចាប់តាំងពីថ្ងៃទី៣ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ មានមនុស្ស១៥នាក់ ស្លាប់ និងអ្នកឈឺដោយសារពុលស្រាស ចំនួន៧៧នាក់។ មន្ត្រីជំនាញសុខាភិបាល ថាការស្រាវជ្រាវរកឃើញថា អ្នកពុលនិង អ្នកស្លាប់ទាំងអស់សុទ្ធតែមានប្រវត្តិផឹកស្រាដែលបានបិតឬផលិតនៅក្នុងឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

មាត្រា២២៥នៃក្រមព្រហ្មទណ្ឌចែងថា អំពើដែលធ្វើឲ្យអ្នកដទៃផឹក លេប ឬបញ្ចូល ទៅក្នុងខ្លួនអ្នកដទៃតាមមធ្យោបាយណាក៏ដោយ ដោយចេតនានូវសារជាតិពុលដែលបណ្ដាលឲ្យខូចសុខភាព ត្រូវចាត់ទុកជា អំពើហិង្សាដោយចេតនា។ ចំណែកមាត្រា ២២៤នៃក្រមដដែលនេះចែងថា អំពើហិង្សា ដោយចេតនាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី៧ឆ្នាំទៅ១៥ឆ្នាំ កាលបើអំពើនេះបណ្ដាល ឲ្យជនរងគ្រោះស្លាប់ដោយគ្មានចេតនា សម្លាប់ ។

អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពង់ឆ្នាំងកំពុង ចាត់វិធានការផ្លូវច្បាប់លើអ្នកបិតស្រានៅក្នុងឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ក្នុង សំណុំរឿងពុលស្រាបង្កឲ្យមនុស្ស១៥នាក់ស្លាប់ និង៧៧នាក់ឈឺធ្ងន់។ វិធានការនេះ បន្ទាប់ពីចេញលទ្ធផលវិភាគពីមជ្ឈមណ្ឌល ជាតិពិសោធន៍សុខាភិបាលនៃក្រសួង សុខាភិបាលរកឃើញថា មានទីតាំងផលិត ស្រាសចំនួន៣មានជាតិពុល ឬមេតាណុល កម្រិតខ្ពស់បណ្ដាលឲ្យអ្នកផឹកពុលនិងគ្រោះថ្នាក់ដល់ជីវិត ។

តុលាការខេត្តកំពង់ឆ្នាំងសម្រេចឃុំខ្លួនមនុស្សម្នាក់នៅពន្ធនាគារខេត្ត និង២នាក់ ទៀតសមត្ថកិច្ចបន្តនីតិវិធីសាកសួរ ដោយជាប់ពាក់ព័ន្ធក្នុងសំណុំរឿងពុលស្រាបង្ក ឲ្យមនុស្ស១៥នាក់ស្លាប់ ។

ស្នងការនគរបាលខេត្តកំពង់ឆ្នាំងលោក ឡុច សុវណ្ណរ៉ា បានមានប្រសាសន៍ថា បន្ទាប់ពីបានលទ្ធផលវិភាគពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលនៃក្រសួងសុខា ភិបាលដែលមានទីតាំងផលិតស្រាសចំនួន ៣រកឃើញថា មានជាតិមេតាណុលក្នុង ស្រាសដែលបណ្ដាលឲ្យអ្នកផឹកពុលស្លាប់ចំនួន១៥នាក់ជាបន្តបន្ទាប់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនោះ សមត្ថកិច្ចបានហៅអ្នកបិតស្រានៅក្នុងមូលដ្ឋានចំនួន៣នាក់មកសាកសួរតាមលិខិតបង្គាប់របស់ តុលាការ ។

នៅក្នុងសន្និសីទសារព័ត៌មានប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាលវេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍ថា ករណីស្លាប់ ១៥នាក់នេះជាករណីទី១ក្នុងឆ្នាំ២០១៦។ លោកថា ក្រសួងបានបង្កើតក្រុមការងារ បច្ចេកទេសមានក្រសួង៦ ក្នុងនោះមាន ក្រសួងសុខាភិបាល ក្រសួងកសិកម្ម ក្រសួង ពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេស ចរណ៍ក្នុងការផ្ដល់ព័ត៌មានឲ្យលឿនដើម្បីចាត់វិធានការតាមផ្លូវច្បាប់និងជួយសង្គ្រោះ ឲ្យបានទាន់ពេល ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានបញ្ជាក់ថា រហូតមកដល់ពេលនេះក្រុមគ្រូពេទ្យកំពុង ព្យាបាលអ្នកជំងឺពុលស្រាមិនទាន់ជាសះស្បើយ២នាក់ទៀតក្នុងចំណោមមនុស្ស ៧៧នាក់ដែលបានត្រឡប់ទៅផ្ទះវិញអស់ហើយ។ ចំណែកអ្នកនៅសម្រាកព្យាបាលទាំង២នាក់នោះបានផុតពីគ្រោះថ្នាក់ហើយ។

មន្ត្រីជំនាញសុខាភិបាលបានបញ្ជាក់ថា ដើម្បីបញ្ចៀសបញ្ហានេះមានតែវិធានការអប់រំផ្សព្វផ្សាយដល់ពលរដ្ឋប៉ុណ្ណោះ និងសូមឲ្យពលរដ្ឋយល់ដឹង និងប្រុងប្រយ័ត្ន ចំពោះការទទួលទានស្រាឬអាហារដែលគ្មានស្លាកសញ្ញា និងគ្មានប្រភពនៃការផលិត ច្បាស់លាស់ ។

ចាប់តាំងពីថ្ងៃទី៣ ខែវិច្ឆិកាដល់ថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០១៦ មាន៩២ករណីគឺមានមនុស្ស ១៥នាក់បានស្លាប់ និងអ្នកឈឺដោយសារ ពុលស្រាសចំនួន៧៧នាក់។ មន្ត្រីជំនាញ សុខាភិបាលថាការស្រាវជ្រាវរកឃើញថា អ្នកពុល និងអ្នកស្លាប់ទាំងអស់សុទ្ធតែមានប្រវត្តិផឹកស្រាដែលបានបិតឬផលិតនៅ ក្នុងភូមិចំនួន៣គឺភូមិក្ដុល ដំណាក់អំពិល និងភូមិកូនដំរី នៃឃុំក្ដុលសែនជ័យ ស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង ។
ករណីពុលស្រានេះកន្លងមកបានកើតឡើងនៅខេត្តមួយចំនួនដូចជាខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តក្រចេះ និងខេត្ត ឧត្តរមានជ័យជាដើម ៕ ហេង នរិន្ទ្រ

 

se w3


ចែករំលែក៖