ភ្នំពេញ៖ ប្តីប្រពន្ធ២នាក់ជាមុខសញ្ញាចែកចាយថ្នាំញៀនយ៉ាងសកម្មក្នុងផ្សារ កណ្តាល ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនកាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៦ ចំណុចផ្លូវលេខ១៤៨ កែងផ្លូវ លេខ៥ (ក្នុងផ្សារកណ្តាល) សង្កាត់ផ្សារ កណ្តាល១ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីមន្រ្តីកងរាជអាវុធខណ្ឌដូនពេញបានឲ្យដឹងថា ជនសង្ស័យ ទាំង២នាក់ ដែលពាក់ព័ន្ធករណីចែកចាយថ្នាំញៀនខាងលើនេះទី១.ឈ្មោះ អ៊ៀន ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ និង ទីលំនៅមិនពិតប្រាកដ ទី២.ឈ្មោះ ហាំ ចេង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ និងទី លំនៅមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់នេះគឺជាប្តីប្រពន្ធនឹងគ្នា ហើយក៏ជា មុខសញ្ញាចែកចាយថ្នាំញៀនយ៉ាងសកម្មក្នុងផ្សារកណ្តាលផងដែរ។
ជាមួយគ្នានេះដែរសមត្ថកិច្ចរឹបអូសបាន វត្ថុតាងមានថ្នាំញៀនប្រភេទក្រាមសថ្លា ៣ កញ្ចប់, ទូរស័ព្ទដៃ ២គ្រឿងម៉ាក IPHONE6 PLUS ផលិតនៅប្រទេសចិនបែកអេក្រង់ និង១គ្រឿងទៀតម៉ាក CAMFONE, ដែក កេះចំនួន២, កន្រៃ្ត១ និងឧបករណ៍សម្រាប់ សេព និងវេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាន បញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថរាជធានីដើម្បីចាត់ការបន្ត៕ ស តារា