ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ត្រូវបានសមត្ថ កិច្ចចាប់ខ្លួនបញ្ជួនទៅតុលាការកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងការកុហក សមត្ថកិច្ចនិងធ្វើឲ្យវឹកវរខូចខាតពេលវេលា និងការចំណាយប្រាក់របស់សមត្ថកិច្ច ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជួនទៅតុលាការខាងលើនេះឈ្មោះ រស់ សុផាត អាយុ៤៦ឆ្នាំ មុខរបរធ្វើចម្ការ រស់ នៅភូមិជាំទ្រៀក ឃុំទ្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
គួររំលឹកថា កាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ចន្លោះម៉ោង២១-២២ មានស្រ្តីម្នាក់បានស្លាប់នៅក្នុងខ្ទមចាំចម្ការស្ថិតក្នុងភូមិជាំទ្រៀក ឃុំទ្រមូង ហើយត្រូវបានជនសង្ស័យជាប្តីប្រាប់សមត្ថកិច្ចថា ប្រពន្ធរបស់ ខ្លួនត្រូវគេសម្លាប់ ខណៈដែលគាត់(ជន សង្ស័យ)មិនបាននៅខ្ទមចាំចម្ការ។ ស្រ្តីរង គ្រោះដែលប្តីអះអាងថា ត្រូវគេសម្លាប់នោះ ឈ្មោះ លន សារឿន អាយុ៣៨ឆ្នាំ រស់នៅ ភូមិ-ឃុំជាមួយគ្នា ។
ក្រោយពីមានករណីនេះកើតឡើង លោក ប្រាក់ ប៊ុនណុន មន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់បានសហការជាមួយនគរបាលស្រុកមេមត់ដើម្បីបើកការសើុបអង្កេត និងស្រាវជ្រាវចាប់តាំងពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ទើប សមត្ថកិច្ចរកឃើញថា ករណីស្រ្តីរងគ្រោះ ខាងលើស្លាប់ ហើយត្រូវបានជនសង្ស័យជាប្តីអះអាងថាជាបទល្មើសឃាតកម្មនោះ ពុំមែនជាការពិតទេតែករណីនេះជាករណីគ្រោះថ្នាក់ចរាចរណ៍ ។
លោក ប្រាក់ ប៊ុនណុន បានឲ្យដឹងថា នៅមុនពេលកើតហេតុប្តី(ជនសង្ស័យ) និង ស្រ្តីរងគ្រោះបានផឹកស្រាស្រវឹងទាំងអស់គ្នា នៅកន្លែងផ្សេងរហូតដល់ម៉ោង៩ទៅម៉ោង ១០យប់ប្តីក៏បានឌុបប្រពន្ធតាមម៉ូតូមកផ្ទះចម្ការតាមផ្លូវដែលមានប្រឡាយដាក់ក្ដារធ្វើជាស្ពានសម្រាប់ជិះឆ្លងកាត់។ ពេលទៅដល់ប្រឡាយដែលមានក្តារឆ្លងកាត់ជន សង្ស័យក៏ជិះម៉ូតូឆ្លងតែចៃដន្យរអិលដួល បណ្តាលឲ្យស្រ្តីរងគ្រោះធ្លាក់បាក់កស្លាប់តែម្តង។ គ្រានោះជនសង្ស័យជាប្តីបានលើកប្រពន្ធដាក់លើគ្រែរួចប្រឌិតរឿងថា ប្រពន្ធ របស់ខ្លួនត្រូវគេសម្លាប់ទៅវិញ។ ក៏ប៉ុន្តែ តាមការពិតក្រោយពីការសើុបអង្កេត និងស្រាវជ្រាវទើបដឹងថាករណីនេះជាករណីគ្រោះថ្នាក់ចរាចរណ៍សោះ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានចាប់ខ្លួន បញ្ជួនទៅតុលាការដើម្បីផ្តន្ទាទោសពីបទកុហកសមត្ថកិច្ច ៕ សហការី