ភ្នំពេញ៖ ដោយមើលឃើញពីគ្មានសណ្តាប់ធ្នាប់ល្អនៅតាមផ្លូវសាធារណៈនិងគ្មានអនាម័យល្អគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំដោយលោក សេង គន្ធ អភិបាលរងខណ្ឌ រួមជាមួយកម្លាំងសន្ដិសុខ ប្រជាការពារសង្កាត់ចោមចៅ១ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះរៀបចំសណ្ដាប់ធ្នាប់និងធ្វើអនាម័យនៅតាមបណ្ដោយផ្លូវវេង ស្រេងស្ថិតក្នុងសង្កាត់ចោមចៅ ។
លោក សេង គន្ធ បានមានប្រសាសន៍ថា ដោយសព្វថ្ងៃនេះ ប្រជាពលរដ្ឋយើងមួយចំនួនខ្វះការយល់ដឹង ក្នុងការធ្វើចរាចរណ៍ ការតាំងទំនិញលក់ដូរនៅលើផ្លូវសាធារណៈ ក៏ដូចជា ចោលសំរាមពាសវាលពាសកាល ទើបគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចាត់កម្លាំងចេញរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវវេងស្រេង ឲ្យមានរបៀបរៀបរយ និងមានអនាម័យបរិស្ថានល្អ ។
ជាមួយនេះដែរគណៈបញ្ជាការឯកភាពខណ្ឌបានរួមកម្លាំងគ្នាបោសសម្អាត កាយ ភក់ជ្រាំចេញពីថ្នល់ព្រមទាំងបានណែនាំដល់រថយន្ដធំៗ ដែលបានចតលើផ្លូវសាធារណៈ កុំឲ្យចតរកេតរកូតតាមផ្លូវនិងណែនាំអាជីវករ លក់ដូរ កុំតាំងទំនិញហៀរមកលើចិញ្ចើមផ្លូវ ព្រោះខ្លាចគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយកើតឡើង ៕ ប្រាថ្នា