ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវធ្វើផ្លូវមិនបាន១ឆ្នាំផងខូចអស់ទៅវិញ

ចែករំលែក៖

ខេត្តតាកែវ ៖ ផ្លូវក្រាលកៅស៊ូមួយខ្សែមានប្រវែង៤គីឡូមែត្រគិតចាប់ពីក្បាលថ្នល់បំបែក ភូមិបន្ទាយ ឃុំជីខ្មា រហូតដល់ ភូមិ កន្ទួត ឃុំត្រឡាច ស្ថិតនៅក្នុងស្រុកទ្រាំង ខេត្តតាកែវបានរងការខូចខាតស្ទើរតែទាំងស្រុងគ្មានអាជ្ញាធរ ឬក៏មន្ត្រីពាក់ព័ន្ធណាចុះ មកពិនិត្យឡើយ ។

បើតាមប្រជាពលរដ្ឋ ដែលរស់នៅអម សងខាងផ្លូវ ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះបានរអ៊ូរទាំថា ពួកគាត់ធ្វើដំណើរទៅមកម្តងៗមានការ លំបាកយ៉ាងខ្លាំង បើជិះម៉ូតូម្នាក់ឯងវិញស្ទើរតែពុំចង់រួច តែបើដឹកទំនិញវិញមាន ផលលំបាកខ្លាំងណាស់(សូម្បីតែរថយន្តក៏ជាប់ផុងទៅមុខមិនរួចផង)។ ពួកគាត់បាន បន្តទៀតថា ជួនពេលខ្លះកូនៗនិងក្មួយរបស់គាត់បានទៅសាលារៀន គឺឆ្លងកាត់ផ្លូវនេះនឹងរងការប៉ះពាល់ដូចជារអិលដួលធ្វើឲ្យប្រឡាក់សម្លៀកបំពាក់កូនរបស់គាត់ដែលជាសិស្សសាលា(ពេលនោះធ្វើឲ្យអារម្មណ៍កូនរបស់គាត់មិនសូវល្អផងដែរ) ។

ចំណែកប្រជាពលរដ្ឋដែលជាអាជីវករ លក់ដូរ រស់នៅអមសងខាងផ្លូវកំពុងរងការខូចខាតនេះ ជារៀងរាល់ថ្ងៃពួកគាត់មិនសូវសប្បាយចិត្តទេ ព្រោះនៅខាងមុខផ្ទះរបស់ ពួកគាត់ មានទឹកដក់(មានភក់ជ្រាំ)ធ្វើឲ្យភ្ញៀវនាក់ទិញទំនិញមានការថយចុះនិងខាតបង់ប្រាក់ចំណូលជារៀងរាល់ថ្ងៃ ។ ប្រជាពល រដ្ឋដែលរស់នៅអមសងខាងផ្លូវដែលរងការខូចខាតនេះ ព្រមទាំងប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរបានសំណូមពរដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធខាងលើមេត្តាចុះទៅពិនិត្យមើលផង ពីព្រោះពីផ្លូវក្រាលកៅស៊ូបានប្រែពណ៌ទៅជាផ្លូវក្រាលក្រួួសក្រហមទៅហើយ ។

លោកកេត ម៉ៅ អភិបាលស្រុកទ្រាំង បានទទួលស្គាល់ថាផ្លូវនេះពិតជារងការខូចខាតមែន ក៏ប៉ុន្តែមិនមែនជាផ្លូវរបស់ស្រុកជាអ្នកធ្វើទេ គឺជាផ្លូវខាងមន្ទីរសាធារណ ការខេត្តជាអ្នកធ្វើនិងជួសជុល ។

រីឯលោកណុប នី ប្រធានមន្ទីរសាធារណ ការនិងដឹកជញ្ជូនខេត្តបានប្រាប់ថាផ្លូវនេះមិនមែនខាងលោកជាអ្នកធ្វើទេ គឺខាងមន្ទីរអភិវឌ្ឍន៍ជនបទជាអ្នកធ្វើព្រោះវានៅក្នុង គម្រោងរបស់គេ ។

ចំណែកឯលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានអះអាងថាផ្លូវហ្នឹងខាងមន្ទីរបានជួសជុល២ដងរួចមកហើយក្នុងគម្រោងឆ្នាំ២០១៦ ដោយសារតែផ្លូវនេះមិនអាចទ្រនឹងទម្ងន់រថយន្តដឹកទំនិញធំៗបានទើប បណ្តាលឲ្យខូចឡើងវិញ ។ លោកប្រធានមន្ទីរបានបន្តទៀតថាខាងមន្ទីរកំពុងតែ ពិភាក្សា ជាមួយខេត្តនិងមន្ទីរសាធារណ ការខេត្តថានឹងត្រូវធ្វើការជួសជុលឡើង វិញនៅពេលណាពុំទាន់ដឹងនោះទេ។

បើតាមព័ត៌មានពីប្រជាពលរដ្ឋថាផ្លូវនេះធ្វើមិនទាន់បានមួយឆ្នាំពេញផងបានវិលទៅរកសភាពដើមវិញពិតជាពូកែធ្វើមែន ៕ ហេង នរិន្ទ្រ

untitled-1


ចែករំលែក៖