ប៉ោយប៉ែត៖ នារីម្នាក់បានស្លាប់ក្នុងគ្លីនិគយីហោ សែនសុខសាន្ត បន្ទាប់ពីសាច់ញាតិដឹកតាមម៉ូតូ យកទៅសង្គ្រោះបន្ទាន់ កាលពីព្រលប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងគ្លីនិគសែន សុខសាន្ត តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគីឡូម៉ែតលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សាច់ញាតិជនរងគ្រោះប្រាប់ថា នាងរងគ្រោះដែលស្លាប់នោះឈ្មោះ ម៉ា សុធា អាយុ២៤ឆ្នាំ មានទីលំនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មុខរបរលក់ដូរនៅអាងអូរខៃដន ក្នុងភូមិកូនដំរី ។
ស្រ្តីម្នាក់ឈ្មោះម៉ា ម៉ាប់ អាយុ៣២ឆ្នាំ ត្រូវជាបងស្រី រៀបរាប់ថា មុននារីរងគ្រោះស្លាប់ កាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ពស់វែកក្របី១ក្បាលដាក់ក្នុងការ៉ុងដែលបងប្អូនទិញគេបម្រុងយកមកធ្វើម្ហួប គ្រានោះជនរងគ្រោះបំរុងលូកដៃចាប់ ពស់ក៏ចឹកចំចង្អុលដៃខាងស្តាំ ដោយឃើញសភាពបែបនេះសាច់ញាតិដឹកនាងតាមម៉ូតូទៅកាន់គ្លីនិកខាងលើ ។ លុះពេលទៅដល់គ្លីនិក ម្ចាស់គ្លីនិកបានដាក់សេរ៉ូមឲ្យ២កំប្លោក ។
ប្រភពបន្តថា លុះនៅម៉ោងជាង៤ល្ងាចថ្ងៃដដែល នារីរងគ្រោះមានអាការៈក្អួតចង្អោរ និងធ្វើទុក្ខកាន់តែខ្លាំង តែគ្រូពេទ្យនៅទីនោះចេះតែនិយាយថា មិនអីទេៗ លុះដល់ប្អូនស្រីរបស់គាត់ស្លាប់ ម្ចាស់គ្លីនិគខាងលើហៅរថយន្តសង្គ្រោះដឹកប្អូនគាត់ទាំងស្លាប់មកដាក់នៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែតដើម្បីយករួចខ្លួន ។
ចំពោះសពរងគ្រោះ ក្រោយពីស្លាប់នៅគ្លីនិកត្រូវបានសាច់ញាតិដឹកទៅធ្វើបុណ្យតាមប្រពៃណីនៅក្នុងភូមិខាងលើ។
ជុំវិញករណីខាងលើនេះ លោក ឈុំ ម៉ុងឆេង ម្ចាស់គ្លីនិក សែនសុខសាន្ត មិនបានទទួលទូរស័ព្ទទេ ដោយទូរស័ព្ទលោកចុចចូលគ្មានអ្នកទទួល។
លោកធិន ស៊ិនដេតអធិការក្រុងប៉ោយប៉ែតមានប្រសាសន៍តាមទូរសព្ទនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ថា ចំពោះបញ្ហាខាងលើ លោកបានទទួលពាក្យបណ្ដឹងហើយ តែពេលនោះ លោកកំពុងតែស្រាយជ្រាវ ។ លោកថា ក្ដាប់ព័ត៌មានជុំរួចចាំយើងគិតរឿងនឹងវាយ៉ាងណា ព្រោះលោកកំពុងតែផ្ទៀងផ្ទាត់ទៅនឹងដំណើរអង្គហេតុ ៕ វណ្ណា