ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដកហូតបានថ្នាំ ញៀន៣០កញ្ចប់ និងម៉ូតូ១គ្រឿង។
ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីកាលពីម៉ោង ជិត២រសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅមុខចំណុចបញ្ជាការដ្ឋានកងទ័ពជើងទឹក តាមបណ្តោយផ្លូវជាតិលេខ៦ ក្រុម៥ ភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ ទី១-ឈ្មោះ ផៃ សុភី អាយុ ២៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិពាមអំពិល ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង និងទី២-ឈ្មោះ គុជ សី អាយុ ២២ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ព្រមទាំងដកហូតថ្នាំញៀន ៣០កញ្ចប់ និងម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីសង់ សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1N-5387។
ប្រភពព័ត៌មានពីសមងត្ថកិច្ចបានឲ្យដឹងថា កម្លាំងអន្តរាគមន៍ខណ្ឌទាំងអស់ បានធ្វើការជិះចេញល្បាតនៅក្នុងមូលដ្ឋាន ដើម្បីទប់ស្កាប់រាល់បទល្មើសដូចជា ឆក់ ប្លន់ លួច ល្បែងសុីសង គ្រប់ប្រភេទរួមនិងគ្រឿងញៀន ខណៈពេលកំពុងជិះល្បាត ស្រាប់តែបានប្រទះឃើញជនសង្ស័យ ២នាក់ ជិះម៉ូតូ មួយគ្រឿង ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើង បានធ្វើការឃាត់ខ្លួន និងឆែកឆេររកឃើញម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ៣០កញ្ចប់ ជាប្រភេទ ម៉ាទឹកកក ហើយកម្លាំងសមត្ថកិច្ចយើងក៏នាំខ្លួនជនសង្ស័យទាំង ២នាក់ មកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសួរនាំ។
ក្រោយពីសាកសួរជនសង្ស័យទាំង ២នាក់ខាងលើរួចមក ពួកគេបានសារភាពថា ដោយសារតែមានគេប្រើអោយពួកគេទៅយកថ្នាំញៀននោះនៅម្តុំផ្លូវរថភ្លើង ក្បែររោងចក្រឆ្នាំង ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយគេអោយខ្លួនក្នុងតម្លៃ ៥០០០០មឺុនរៀល ក្នុងមួយជើង យកទៅស្រុកកំណើត ដើម្បីជួញដូរ និងចែកចាយ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ជ្រោយពេជ្រ