ភ្នំពេញ៖ ជនសង្ស័យ២នាក់ ម្នាក់ជាថៅកែហាង ម្នាក់ទៀតជាមេការ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានចាប់ខ្លួនចូលបុ៉ស្តិ៍បូ៉លីស ចោមចៅ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្ទះកោសជប់ យុីហោ ហេងហេង ស្ថិតនៅតាមផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពលួចលុយភ្ញៀវចូលកោសជប់អស់ចំនួន៤៨០០ដុល្លា រួចមកកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១៦ ខែធ្នូ ។
ជនសង្ស័យទាំង២នាក់ជាត់ខ្លួនបាន ទី១ ឈ្មោះ ញិល ថេត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមេការផ្ទះកោសជប់ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ទី២ ឈ្មោះ លាង ហុង ភេទប្រុស អាយុ២៨ឆ្នាំ ថៅកែផ្ទះកោសជប់ មានទីលំនៅ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនដៃដល់និងបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ ។
ចំណែកជនរងគ្រោះមានឈ្មោះ សួស ចិត្ត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ទិញលក់មូ៉តូ មានទិលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ។ លុយដែលបាត់បង់មានចំនួន៤៨០០ដុល្លា (បួនពាន់ ប្រាំបីរយ ដុល្លា )
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នៅល្ងាចថ្ងៃទី១៦ ក្រោយពីលក់មូ៉តូដាច់អស់មួយចំនួននៅផ្សារអូរឫស្សី បានជួបជុះផឹកសុីបន្តិចបន្តួន ហើយខ្លួនមិនបិ៊នហូបស្រាបៀផង ដាក់មួយកំបុ៉ងធីងធោង រួចក៏ជិះមូ៉តូវិលមកផ្ទះវិញ តែមិនទាន់ដល់ផ្ទះផង ឆៀងចូលកោសជប់ជាមុនសិននៅផ្ទះហុីហោ ហេង ហេង តាមផ្លូវវេងស្រេងខាងលើ រួមជាមួយលុយ៤៨០០ដុល្លា ទើបតែលក់មូ៉តូបាន ។ ប្រភពបន្តទៀតថា ក្រោយពីកោសជប់រួចរាល់ហើយ មិនបានចាប់អារម្មណ៍ លើកតែខោស្លៀក ជិះមូ៉តូទៅផ្ទះ លុះរហូតដល់ ព្រឹកថ្ងៃទី១៧ ខែធ្នូ បន្ទាប់ពីមានមូ៉យហៅទិញមូ៉តូ ពិនិត្យមើលលុយប្រទះឃើញសុទ្ធតែដុល្លាក្លែងក្លាយ សែនខ្មោចទៅវិញ ពេលនេះហើយ ព្រលឹងព្រលះ បាត់អស់ទន់ដៃជើង ជិះមូ៉តូកាត់តាមផ្លះម៉ាស្សា ឃើញបើកដំណើរការធម្មតា បង្ហួសទៅប្តឹងនគរបាលបុ៉ស្តិ៍ចោមចៅ ចុះទៅអន្តរាគមន៍ គាត់មេការ ហាងបានម្នាក់ យកមកសាកសួរនិងបន្តទៅឃាត់ថៅកែហាងបានម្នាក់ទៀត រួមជាមួយ រថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-3969 ជារថយន្តថៅកែហាងម៉ាស្សា ។ ដោយឡែក បក្ខពួក២នាក់ទៀត ម្នាក់ឈ្មោះ ភន ជាជនដៃដល់ និងស្រ្តីម៉ាស្សា បានរត់គេចខ្លួនបាត់ ។
តាមចម្លើយសារភាព ជនសង្ស័យ ឈ្មោះ ញិល ថន បានឲ្យដឹងថា ខ្លួនរួមជាមួយក្ខពួក ពិតជាលួចលុយភ្ញៀវចូលកោសជប់ពិតប្រាកដមែន ហើយត្រូវបាន ថៅកែចែកមួយចំណែក បានជាង១០មុឺនរៀល ។ ចំណែក ជនសង្ស័យ ឈ្មោះ លាង ហុង ជាថៅកែហាង បានឲ្យដឹងថា ខ្លួនពិតជាសមគំនិត លួចលុយពិតប្រកដមែន ចែកគ្នាអស់ហើយ ខ្លួនបានលុយ១៣០០ដុល្លា តែបុ៉ណ្ណោះ ក្រៅពីនោះ លុយនៅស្រ្តីម្នាក់ និងឈ្មោះ ភន ដែលជាអ្នកលួចបាន ក្រោយពីចែកលុយគ្នាហើយ រត់គេចទៅបាត់ ។
ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួន ត្រូវបាន សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋាន ដើម្បីសាកសួរ និងបញ្ជូនទៅតុលាកា ចាត់ការទៅតាមផ្លូវច្បាប់ ៕សុខាសែនជ័យ