ខេត្តកណ្តាលៈ សិស្សទំនើង១១នាក់រៀននៅវិទ្យាល័យបឹងប្រិយ ប្រដាប់ដោយកាំបិត និងដាវសាំម៉ូរ៉ៃលើកគ្នាទៅកាប់សិស្សវិទ្យាល័យត្រពាំងត្នោតដល់ក្នុងថ្នាក់រៀន បណ្តាលឲ្យរបួសរយះក្បាល២នាក់ដេរជាច្រើនថ្នេរ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបាននាំគ្នារត់ឡើងលើម៉ូតូជិះគេចខ្លួនបានមួយរយៈ ក៏ត្រូវសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវបង្រ្កាបចាប់ខ្លួនបាន៥នាក់មកវិញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
អធិការនគរបាលស្រុកអង្គស្នួលលោកវរសេនីយ៍ឯក មាន សំណាង បានឲ្យដឹងថា សិស្សទំនើង៥នាក់ដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ កុង សម្បត្តិ ហៅប៊ិប ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិកាន់ទ្រង់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ទី២-ឈ្មោះ ចិន្តា ចាន់ថន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១B នៃវិទ្យាល័យបឹងប្រិយ មានទីលំនៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ទី៣-ឈ្មោះ រើន សំរិទ្ធី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១B នៃវិទ្យាល័យបឹងប្រិយ មានទីលំនៅភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ទី៤-ឈ្មោះ ហាន សំអូន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិព្រៃស្នួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ទី៥-ឈ្មោះ ភឿន សុគុណ ហៅតុល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។
លោកវរសេនីយ៍ឯក មាន សំណាង បានបន្តថា សិស្សទំនើងខាងលើនេះត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី១៧និង១៨ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីធ្វើសកម្មភាពលើកគ្នាទៅកាប់ជនរងគ្រោះកំពុងអង្គុយរៀននៅក្នុងថ្នាក់ នៃវិទ្យាល័យត្រពាំងត្នោត ស្ថិតក្នុងភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ។ ជនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ ខាន់ ឌីណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១២គ នៃវិទ្យាល័យត្រពាំងត្នោត មានទីលំនៅភូមិបេង ឃុំម្កាក់ ស្រុកអង្គស្នួល (រងរបួសក្បាលដេរ១២ថ្នេរ) ទី២-ឈ្មោះ លី ហុកសេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១២គ នៃវិទ្យាល័យត្រពាំងត្នោត មានទីលំនៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល (រងរបួសក្បាលដេរ០២ថ្នេរ) ។
លោកអធិការបានបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ក្រុមក្មេងទំនើងសរុបមានគ្នា១១នាក់ បានជិះម៉ូតូទៅឈប់នៅខាងមុខវិទ្យាល័យត្រពាំងត្នោត ដោយខ្លះបញ្ឆេះម៉ូតូចាំ និងខ្លះទៀតកាន់ដាវដើរចូលទៅក្នុងបរិវេនសាលាក្នុងគោលបំណងទៅកាប់ជនរងគ្រោះកំពុងលេងបាល់ទាត់ ។ ភ្លាមៗនោះជនរងគ្រោះនិងមិត្តភក្តិជាច្រើននាក់ទៀត បាននាំគ្នារត់យកដុំថ្មកាន់ម្នាក់មួយដេញមកលើក្រុមក្មេងទំនើងវិញ ធ្វើឲ្យពួកគេ(ក្មេងទំនើង)ភ័យនាំគ្នារត់សំដៅទៅម៉ូតូជិះគេចខ្លួនបាត់អស់ទៅ ហើយជនរងគ្រោះនិងមិត្តភ័ក្រក៏បាននាំគ្នាចូលទៅរៀននៅក្នុងថ្នាក់វិញ ខណៈកំពុងអង្គុយរៀនភ្លេចខ្លួន ក្រុមក្មេងទំនើងបាននាំគ្នាទៅជាថ្មីម្តងទៀតកាប់លើជនរងគ្រោះទាំង២នាក់ បណ្តាលឲ្យរងរបួសក្បាលយ៉ាងធ្ងន់ ទើបនាំគ្នារត់គេចខ្លួន ។
ក្រោយពីមានហេតុការណ៍កើតឡើង លោកនាយកសាលាបានរាយការណ៍ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឲ្យជួយអន្តរាគមន៍ រហូតឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៥នាក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ