ខេត្តតាកែវ៖ លោក សួន ផុន ស្នងការរងទទួលបន្ទុកផែនយុត្តិធម៌កណ្តាលនៃស្នងការនគបាល ខេត្តតាកែវ បានប្រាប់អ្នកយកព័ត៌មានថា អធិការង ១ រូបនៃស្រុកត្រាំងកក់ និងលោកនាយបប៉ុស្តិ៍រដ្ឋបាលឃុំលាយបូរ អាចនឹងប្រឈមផ្លូវច្បាប់រឿង បិទសំណុំរឿងព្រហ្មទណ្ឌដោយសារលុយ៥លានរៀល។
លោកស្នងរងបន្តទៀតថា ក្រោយពីមានរឿងប្រតិកម្មពីសំណាក់ប្រជាពលរដ្ឋក្នុងឃុំ លាយបូរ រឿងនាយប៉ុស្តិ៍រដ្ឋបាលឃុំលាយបូ ហ៊ានបញ្ចប់សំណុំរឿងព្រហ្មទណ្ឌ លោកបានចាត់កម្លាំងជំនាញចុះទៅស្រាវជ្រាវបានរកឃើញថា លោកនាយប៉ុស្តិ៍ និងលោកអធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌម្នាក់ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ។
លោកស្នងការរងបន្តទៀតថា កំហុសលោកនាយប៉ុស្តិ៍ឃុំលាយបូរ និងអធិការរងស្រុកត្រាំង គឺមិនរាយការណ៍ជូនថ្នាក់លើ រឿងបទល្មើសព្រហ្មទណ្ឌហើយខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌ហ៊ានបញ្ចប់សំណុំរឿងដោយសារតែលុយ ៥ លានរៀល ទុកឲ្យជនល្មើសមានសេរីភាពរហូតដល់សព្វថ្ងៃ។
លោកស្នងការរងបញ្ជាក់បន្ថែមថា កំលាំងជំនាញរបស់លោកបានឲ្យនាយប៉ុស្តិ៍ និងអធិការស្រុកត្រាំកក់ បញ្ជូនសំណុំរឿងមកស្នងការនគរបាលខេត្តតាកែវ ដើម្បីបន្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត ចំណែកនាយប៉ុស្តិ៍ និងអធិការរងស្រុកត្រាំកក់ថ្នាក់លើ និងមានវិធានការបន្ត ។
គួរបញ្ជាក់ថា លោក ស៊ី វីនដា នាយប៉ុស្តិ៍រដ្ឋបាលឃុំលាយបូរស្រុកត្រាំកក់ ខេត្តតាកែវ បាននិយាយថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ មានអំពើហិង្សាមួយបានកើតឡើងនៅចំណុចតូប លក់សាច់ឆ្កែមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃធាន ឃុំលាយបូរ ស្រុកត្រាំកក់ ដោយជនដៃដល់មានគ្នាពីរនាក់ បានព្រួតវាយជនរងគ្រោះម្នាក់រហូតបាក់ថ្គាមស្តាំ របួសធ្ងន់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរុស្សី ។
លោកនាយប៉ុស្តិ៍បានបញ្ជាក់ទៀតថា ក្រោយកើតហេតុ ភាគីជនដៃដល់ព្យាយាមសម្របសម្រួលបញ្ចប់រឿងតាមរយះលោកនាយប៉ុស្តិ៍៥លានរៀលជាមួយនឹងលោកអធិការរងផ្នែកព្រហ្មទណ្ឌ ស្រុកត្រាំងកក់ ដោយព្យាយាមលាក់បាំងថ្នាក់លើ។
ពលរដ្ឋក្នុងឃុំលាយបូររង់ចាំមើលចំណាត់ការថ្នាក់លើ ថា តើលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំលាយបូរ និងលោកអធិការស្រុកត្រាំងកក់១រូប និងនៅបន្តតួនាទីដល់ពេលណាទៀត ៕ ជីសូរកា