ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងប៉ោយប៉ែតបានកោះហៅម្ចាស់មន្ទីរសម្រាកព្យាបាលសែន សុខសាន្ត មកសាកសួរ ដើម្បីកសាងសំណុំរឿងទៅតុលាការក្រោយរងការចោទប្តឹងព្យាបាលអ្នកជំងឺពស់ចឹកមិនយកចិត្តទុកដាក់បណ្តាលឱ្យស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សែន សុខសាន្ត ដែលមានទីតាំងជាប់និងកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះ ឈុំ ម៉ុងឆេង ជាម្ចាស់គ្រប់គ្រង ត្រូវបាននគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋានក្រុងប៉ោយប៉ែត កោះហៅមកសាកសួរក្នុងសំណុំរឿងព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងទៅតុលាការ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ក្រោយរងការចោទប្តឹងពីក្រុមគ្រួសារអ្នកជម្ងឺថាបានព្យាបាលអ្នកជម្ងឺម្នាក់ដេកសម្រាកក្នុងមន្ទីរព្យាបាលនោះដោយពស់វែកចឹក ព្យាបាលមានភាពខ្ជះខ្ជាយខ្វះជំនាញវិជ្ជាជីវៈ រហូតដល់អ្នកជម្ងឺគាំងបេះដូងដាច់ខ្យល់ស្លាប់។សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ម៉ា សុធា ភេទស្រី អាយុ២៦ឆ្នាំ ជាស្រ្តីមេម៉ាយប្រកបមុខរបរលក់គ្រឿងក្លែមនៅរមណីយដ្ឋានអូរខៃដន រស់នៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

ជុំវិញនៃហេតុការណ៍នេះ បើតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះប្រាប់ឱ្យដឹងថាកាលពីវេម៉ោង៣និង៤០នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្រ្តីរងគ្រោះឈ្មោះ ម៉ា សុធា បានយកពស់វែកក្របីចេញពីថង់សំណាញ់ច្រកពស់ ដែលទិញពីក្មេងឃ្វាលគោ ដើម្បីធ្វើជាសាច់ក្លែមទុកលក់ឱ្យភ្ញៀវ នៅនិងផ្ទះ ជនរងគ្រោះ។

នៅពេលចាប់ថង់ច្រកពស់ក៏ត្រូវពស់វែកចឹកម្រាមដៃ ហើយក៏ស្រែកឱ្យបងប្អូនជួយ ថាពស់បានចឹកនាងហើយ ។ នៅពេលពស់ចឹករួចហើយនាងមានអាការៈជាធម្មតាបងប្អូនដឹកតាមម៉ូតូប្រុងយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ លុះដឹកនាងដែលជាស្រ្តីរងគ្រោះដល់ខាងមុខមន្ទីរសម្រាកព្យាបាលនិងសម្ភព សែន សុខសាន្ត ស្រ្តីរងគ្រោះប្រាប់ បងប្អូនអ្នកដឹកជូនទៅ ថាមិនបាច់ទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតនោះទេ ដាក់នាងព្យាបាលនៅមន្ទីរសម្រាកព្យាបាលនិងសម្ភព សែន សុខសាន្ត នោះហើយ ដោយនាងនិយាយថា បានស្គាល់គ្រូពេទ្យនៅទីនោះ។ ខណៈនោះបងប្អូនក៏ដឹកនាងចូលសម្រាកព្យាបាលនៅទីនោះតែម្តង។នៅពេលចូលសម្រាកព្យាបាលគេឃើញគ្រូពេទ្យបានព្យួរសេរ៉ូម១កំប្លោងចាក់ថ្នាំ៣ម្ជុលចូលក្នុងសេរ៉ូម និងបានចាក់ថ្នាំ២ម្ជុលទៀតនៅចំដៃ។ ក្រោយមកជនរងគ្រោះបានដេកសម្រាកមានរយៈពេលជិត២ម៉ោង គ្រូពេទ្យបានព្យួរសេរ៉ូមអស់ប្រហែល១កំប្លោងកន្លះ។ ស្រាបតែនាងមានអាការៈក្អួតចង្អោរ ឡើងស្លេះចេញតាមមាត់ ។

សាច់ញាតិស្រ្តីរងគ្រោះក៏ទៅប្រាប់ពេទ្យថាប្អូនស្រីដែលជាស្រ្តីរងគ្រោះមិនសូវស្រួលទេ គ្រូពេទ្យជួយមើលផង នៅពេលនោះគ្រូពេទ្យឱ្យថ្នាំ២គ្រាប់លេបបន្ថែមទៀត។គ្រូពេទ្យនិយាយប្រាប់ថាអ្នកជម្ងឺវាមិនអីទេដេក២ទៅ៣ម៉ោងទៀត វាស្រួលខ្លួនឡើងវិញហើយ អ្នកជម្ងឺមុនក៏កើតអាការៈអញ្ចឹងដែរ។ បន្ទាប់មកគ្រូពេទ្យនោះក៏បន្តអង្គុយលេងហ្វេសប៊ុកតាមទូរស័ព្ទ ធ្វើជាធម្មតា។ លុះមួយសន្ទុះមកអ្នកជម្ងឺដែលជាស្រ្តីរងគ្រោះ បានប្រកាច់ បេះដូងឈប់ដំណើរការ ។ ទើបឃើញគ្រូពេទ្យបាននាំគ្នាឆោឡោ យករថយន្តសាមុយ ដឹកទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត គ្រូពេទ្យថានៅមន្ទីរពេទ្យបង្អែក មានឧបករណ៍ឆក់បេះដូងដើម្បីជួយសង្រ្គោះ ។ប៉ុន្តែនៅពេលដឹកអ្នកជម្ងឺដល់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត នៅវេលាម៉ោងប្រហែល៦ល្ងាចថ្ងៃដដែល គ្រូពេទ្យប្រចាំការនៅមន្ទីរពេទ្យប្រាប់ថាអ្នកជម្ងឺបានដាច់ស្លាប់បាត់ទៅហើយ មុនមកដល់មន្ទីរពេទ្យ។នៅពេលនោះស្រាប់តែក្រុមគ្រូពេទ្យនៅមន្ទីរសម្រាកព្យាបាលសែនសុខសសាន្ត ដែលដឹកស្រ្តីរងគ្រោះទៅ ដោយឮបែបនោះបាននាំគ្នាបើករថយន្តរត់គេចខ្លួនចេញយ៉ាងប្រញ៉ាប់។

គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតបម្រុងដឹកសពស្រ្តីរងគ្រោះទៅផ្ទះប៉ុន្តែត្រូវសាច់ញាតិក្រុមគ្រួសារសពមិនសុខចិត្ត ហើយបានទៅប្តឹងម្ចាស់មន្ទីរសម្រាកព្យាបាល សែនសុខសាន្ត នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ពីបទមិនទទួលការខុសត្រូវទៅលើវិជ្ជាជីវៈព្យាបាលបណ្តាលឱ្យអ្នកជម្ងឺស្លាប់។ក្រោយពីដាក់ពាក្យប្តឹងរួចហើយទើបសាច់ញាតិដឹកសពស្រ្តីរងគ្រោះយកមកផ្ទះដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ជុំវិញរងការចោទប្រកាន់ខាងលើ អ្នកយកព័ត៌មានយើងបានព្យាយាមទំនាក់ទំនង លោកឈុំ ម៉ុងឆេង ដែលជាអ្នកគ្រប់គ្រងមន្ទីរសម្រាកព្យាបាលសែនសុខសាតន្តឱ្យជួយបំភ្លឺ នោះដែរប៉ុន្តែទូរស័ព្ទរបស់លោក ហៅចូល គ្មានការឆ្លើយតប។

ដោយឡែក លោក កែវ សុភក្រ្តា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ឱ្យដឹងថា បញ្ហាខាងលើ ខាងមន្ទីរសុខាភិបាលមិនទាន់ចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតនៅឡើយនោះទេ ។ប៉ុន្តែម្ចាស់មន្ទីរសម្រាកព្យាបាលសែនសុខសាន្ត ត្រូវបានសមត្ថកិច្ចហៅទៅសាកសួរនោះហើយ។

លោកអនុសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ នាយផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតប្រាប់ឱ្យដឹងថា ម្ចាស់មន្ទីរសម្រាកព្យាបាលសែនសុខសាន្ត ត្រូវបានសមត្ថកិច្ចហៅសាកសួររួចហើយ ប៉ុន្តែមិនបានឃាត់ខ្លួននោះទេ សំណុំរឿងនេះគឺបញ្ជូនទៅតុលាការដើម្បីតុលាការយកទៅ ចាត់ការតាមនីតិវីធីច្បាប់៕សំ វិច្ឆិកា

img_7544 img_7545-1 img_7545 img_7547 img_7548 img_7549 img_7550 img_7551 img_7552 img_7554


ចែករំលែក៖