ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខឃាត់ខ្លួនមេឆ្នោតកន្ទុយលេខឆ្លងដែនម្នាក់ដកហូតលុយជិត៥០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ខណ្ឌសែនសុខ បានឃាត់ខ្លួនមេឆ្នោត កន្ទុយលេខម្នាក់ជាមេឆ្នោតល្បែងសីុសងនេះនិងដកហូតបានលុយខ្មែរ និងលុយអាមេរិកបានចំនួនជិត៥០០០ដុល្លាររួមទាំងវត្ថុតាងប្រព្រឹត្តបទល្មើសជាច្រើនទៀត កាលពី ព្រឹកម្សិលមិញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ។

ជនដែលឃាត់ខ្លួននោះមាន ឈ្មោះ តាំង ហុក ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាជនដែលត្រូវបានសមត្ថកិច្ច ចាប់ខ្លួនខាងលើនេះ នៅចំណុច ភូមិទឹកទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យរូបនេះគឺលោកបានដឹកនាំងកំលាំងធ្វើការល្បាតក្នុងមូលដ្ឋានលុះទៅដល់ចំណុចខាងលើក៍ឃើញជននេះកំពង់អង្គុយក្នុងដីឡូតិ៍វាលមួយកន្លែងដោយមានការសង្ស័យបានហៅសួរនាំនិងឆែកឆេរ ហើយក៏ឃើញមានក្រដាសសំរាប់កត់កន្ទុយលេខមួយចំនួន និងមានប្រាក់ជាច្រើន ទើបលោកបញ្ជាអោយឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខតែម្តង។

នៅក្នុងនោះសមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿង និងក្រដាសឯកសារកត់ត្រាលេខឆ្នោតប្រភេទកន្ទុយលេខ មួយចំនួន និងលុយខ្មែរចំនន៥លាន៧សែនរៀល (៥៧០០០០០៛) និងលុយដុល្លារអាមេរិកចំនួន៣៤១២ដុល្លារ ($3412) ទៀត។

ជនជាប់ចោទរូបនេះ ត្រូវបានបញ្ជួនទៅកាន់នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញចាត់ការបន្តនិងដើម្បីកសាងឯកសារបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់៕ តុង សីហា

de-1 de-2 de-3


ចែករំលែក៖