ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបាឡែនបុកម៉ូតូរងរបួសធ្ងន់២នាក់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វារៀង៖ ប្រុស ស្រី២នាក់ រងរបួសធ្ងន់ ខណៈដែលជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន ក៏ត្រូវរថយន្តកាមរិរីបាឡែនមិនចាំស្លាកលេខបុកពីក្រោយស្របទិសគ្នាកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៦ លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែត្រលេខ ១២៣/១២៤ ភូមិ រូបគោ សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងឲ្យដឹងថា អ្នកបើកបរម៉ូតូដែលរងរបួសមានឈ្មោះ សាន ម៉ាដាន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ និងអ្នករួមដំណើរមានឈ្មោះផែន ចន្ធូ អាយុ៣០ឆ្នាំ មុខរបរកម្មការិនីដោយអ្នកទាំង២រស់នៅ ភូមិ បារាយណ៍ ឃុំ មេសថ្ងក ស្រុកចន្ទ្រា ខេត្ត ស្វាយរៀង។ រីឯអ្នក បើកបរ រថយន្តបាឡែន មិនត្រូវបានស្គាល់ឈ្មោះនោះទេ ខណៈបើករត់គេចខ្លួនឆ្ពោះទៅខេត្តព្រៃវែងបាត់ស្រមោល ដោយបន្សល់ត្រចៀកកញ្ចក់មើលក្រោយនៅកន្លែង ។

តាមសាក្សីបានអោយដឹងថា មុនកើតហេតុ មានម៉ូតូម៉ាក C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CB ៥៣៥២ បើកបរដោយបុរសម្នាក់ និងស្ត្រីម្នាក់ធ្វើដំណើរពីកើតមកលិច តាមកំណាត់ផ្លូវជាតិលេខ១ ខណៈនោះបានបត់ឆ្វេងខ្វះប្រុងប្រយត្ន័ ក៏ត្រូវរថយន្តម៉ាកបាឡែនមិនចាំស្លាកលេខ បើកស្របទិសគ្នាចាប់ហ្វ្រាំងមិនទាន់ បុកពេញទំហឹងលាន់សូរដូចរន្ទះបណ្ដាលឲ្យមនុស្ស និងម៉ូតូខ្ទាតដួលរណូករណែលកណ្ដាលផ្លូវសន្លប់ក្នុងថ្លុកឈាមតែម្ដង។

ក្រោយមកប្រមាណកន្លះម៉ោង ទើបឃើញរថយន្តសាមុយមន្ទីរពេទ្យបង្អែកខេត្តមកដល់ ខណៈប្រជាពលរដ្ឋរិះគន់ថា កន្លែងកើតហេតុនៅមិនឆ្ងាយពីមន្ទីរពេទ្យជាង១គីឡូម៉ែត្រសោះ ហេតុអ្វីយូរយ៉ាងនេះ។

រីឯរថយន្តបង្កបានបើកគេចទៅទិសខាងលិចបាត់ស្រមោល ខណៈនៅក្បែកន្លែងកើតហេតុ ក៏មាននគរបាលដាក់ប៉ុស្តិ៍ត្រួតពិនិត្យល្បឿនដែរ ប៉ុន្តែបានត្រឹមប្រកាសតាមវិទ្យុទាក់ទងដោយចាប់បានតែខ្យល់ប៉ុណ្ណោះ ៕ យឹម សុថាន

de-1 de-2 de-3


ចែករំលែក៖