ព័ត៌មានទាន់ហេតុការណ៍៖

ហេង ពិសិដ្ឋត្រៀមចូលរោងការជាមួយកូនស្រីមន្ត្រីគយ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងពិធីករ ហេង ពីសិដ្ឋ នឹងចូលរោងការជាមួយនឹងកូនស្រីមន្ត្រីគយដ៏ស្រស់សោភាម្នាក់នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ។ ភ្ញៀវប្រមាណជិត១ពាន់នាក់នឹងត្រូវ ចូលរួមពិធីមង្គលការមួយនេះ ប៉ុន្តែមិនមានអ្នកសិល្បៈច្រើនទេដែលត្រូវបានអញ្ជើញ ព្រោះតែទីកន្លែងដែលត្រូវជួលទទួលភ្ញៀវមាចំនួនកំណត់។

តារាចម្រៀង និងសម្តែង លោក ហេង ពិសិដ្ឋលើកឡើងថា លោកបានសម្រេចចិត្តចូលរោងការជាមួយកញ្ញា ណយ ម៉េងចាន់លាភដែលមានវ័យ២៣ឆ្នាំ ក្រោយស្វែងយល់ចិត្តគ្នាជាយូមកហើយ និងបន្ទាប់ពីមានការណែនាំពីចាស់ៗ។

លោកថា កម្មវិធីមង្គលការលោកនឹងរៀបចំធ្វើឡើងនៅកោះពេជ្រតែម្តង ចាប់តាំងពីពិធីហែរកំណត់រហូតដល់ទទួលបដិសណ្ឋារកិច្ចភ្ញៀវនារសៀលថ្ងៃដដែលនោះ។

លោកថា នឹងមិនមានអ្នកសិល្បៈច្រើនចូលរួមដូចកម្មវិធីសិល្បៈដទៃទេ ខណៈដែលភ្ញៀវខាងម្តាយក្មេកមានចំនួនច្រើនលើសលប់ ប៉ុន្តែលោកនឹងរៀបនឹងរៀបចំកម្មវិធីខួបគម្រប់អាពាហ៍ពិពាហ៍មួយនៅឆ្នាំក្រោយប្រសិនបើឱកាសល្អ។ ក្រោយរៀបការលោក និងភរិយា នឹងធ្វើដំណើរទៅក្រេបទឹកឃ្មុំនៅកោះម៉ាល់ឌីវ ។

តារាសម្តែងវ័យ២៨ឆ្នាំរូបនេះលើកឡើងដែរថា ការងារជាអ្នកគ្រប់គ្រងទូទៅនៅហាងការ៉េម TOTOគឺលោកនៅតែបន្តធ្វើដដែលហើយសម្រាប់ការងារសិល្បៈក៏លោកមិនបញ្ចប់ដែរ ហើយក្រោយពេលរៀបការលោកនឹងចូលថតខ្សែភាពយន្តថ្មីមួយផងដែរ ។ លោកក៏នៅតែបន្តការងារជាពិធីករ និងច្រៀងនៅកម្មវិធីនានាដែរប្រសិនបើឱកាសហុចឲ្យ ពិសេសលោកមានគម្រោងចង់ផលិតកម្មវិធីសម្រាប់ចាក់ផ្សាយលើស្ថានីយទូរទស្សន៍ផងដែរ។ ក្រោយរៀបការសិល្បករដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតមកពីបរទេសរូបនេះ គ្រោងនឹងបើកមុខជំនួញថ្មីរបស់ខ្លួនផងដែរគឺគម្រោងបើកភោជនីយដ្ឋាននៅផ្សារទំនើបដែលគ្រោងសហការជាមួយនឹងអ្នកជំនាញផ្នែកម្ហូបអាហារមកពីប្រទេសម៉ាឡេស៊ីដែលជំនាញលើម្ហូបអាស៊ីនោះដោយនឹងទុកមុខជំនួញនេះឲ្យភរិយាជាអ្នកជួយមើលការខុសត្រូវ។

លោករំពឹងទុកដែរថា ក្រោយរៀបការលោកនឹងបំពេញកតព្វកិច្ចជាស្វាមីដ៏ល្អ និងអាចស្វែងរកសុភមង្គលសម្រាប់គ្រួសារមួយបានល្អប្រសើរ ៕ វឌ្ឍនា

se unnamed


ចែករំលែក៖