ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងនគរបាលស្រុកជីក្រែង និងកម្លាំងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទឃាតកម្មទៅស្ត្រីម្នាក់ (វិកលចរិក) ដែលករណីនេះកើតឡើងនៅភូមិតាព្រំ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានសន្និដ្ឋានថា ករណីនេះប្រហែលជា ជនសង្ស័យសុំ ស្ត្រីជនរងគ្រោះរួមភេទ ហើយត្រូវបានស្ត្រីរងគ្រោះជេរ ធ្វើឲ្យជនសង្ស័យខឹង ក៏យកកាំបិតចុងស្រួច អា ក បណ្ដាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុតែម្តង។
ប្រភពដដែលបានបន្តថា ជនសង្ស័យមានឈ្មោះ ស៊ុក ញុច ហៅជា វ៉ៃ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិតាព្រំ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាបទើបតែចេញពីពន្ធនាគារបានចំនួន០៧ថ្ងៃ រីឯស្ត្រីរងគ្រោះមានឈ្មោះ សំ ណាន អាយុ៤៦ឆ្នាំ (ជាមនុស្សវិកលចរិក) រស់នៅភូមិឃុំជាមួយជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុក បញ្ជូនមកសាកសួរបន្ថែមនៅកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕