ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ SAMSUNG ពីនារីរងគ្រោះបានសម្រេច ហើយជិះម៉ូតូរត់គេចមិនរួចត្រូវជាប់ខ្នោះសមត្ថកិច្ច ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចមុខឃ្លាំងក្រុមហ៊ុនស្រាបៀរអង្គរ ផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនសង្ស័យទី១ឈ្មោះ ធីប៊ុន ឈូ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៦៧ ផ្លូវលំ សង្កាត់ដើមមៀនក្រុងតាខ្មៅ ខេត្តកណ្ដាល ជាអ្នកឆក់ ជនសង្ស័យទី២ មានឈ្មោះ ផល ផានិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករលាងឡាន ស្នាក់នៅផ្ទះជួល ក្រុងតាខ្មៅខេត្តកណ្ដាល ។ ម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព ម៉ាកSuzuki Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1D.5615 និងយកបានទូរសព្ទ័ជនរងគ្រោះមកវិញ ។
ចំណែកជនរងគ្រោះ មិនបានស្គាល់ឈ្មោះទេ បន្ទាប់ពីជនសង្ស័យឆក់ហើយ មិនបានមកដាក់ពាក្យបណ្ដឹងនោះទេ ។
សាក្សីដែលឃើញហេតុការបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងតាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជើង ខណៈមកដល់មុខក្រុមហ៊ុនស្រាបៀអង្គរ ផ្លូវព្រះនរោត្តម ក៏ឃើញជនរងគ្រោះជិះម៉ូតូFino ម្នាក់ឯង និយាយទូរសព្ទ័ ពេលនោះ ពួកគេឃើញឱកាសល្អ ក៏ធ្វើសកម្មភាពឆក់យកទូរសព្ទ័ម៉ាកសាំសុងបានសម្រេច តែដោយសារមានសាក្សីឃើញ ក៏ជិះម៉ូតូដេញតាមនិងស្រែកថាចោរៗ ទើបកំលាំងអាវុធហត្ថដែលល្បាតនៅក្បែរនោះ បានដេញតាមរហូតដល់ចំណុចមុខហាងនំបុ័ងបាយ័ន ទើបចាប់ឃាត់ខ្លួនពួកគេបានទាំង២នាក់តែម្ដង ។
ក្រោយមកកម្លាំងអាវុធហត្ថបាននាំយកមកសួរនាំនៅកងរាជអាវុធហត្ថខណ្ឌចំការមន និងកសាងសំណុំរឿងបញ្ជួនបន្តតាមនីតិវិធីច្បាប់៕ ភារ៉ា ដង្កោ