ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបគ្រឿងញៀន២ខេត្ត ចាប់ខ្លួន១០នាក់ និងថ្នាំញៀនមួយចំនួនធំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ-បាត់ដំបង៖ ក្នុងរយៈពេល២ថ្ងៃនេះ គេសង្កេតឃើញកម្លាំងនគរបាលចំនួន២ខេត្ត គឺខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានចេញប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងក្តៅគគុក ទៅលើបទល្មើស២ករណីដាច់ដោយឡែកពីគ្នា បង្រ្កាបបានជនសង្ស័យគ្រឿងញៀនសរុបចំនួន១០នាក់។

នគរបាលខេ្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនប្រុសស្រី៧នាក់ ចំណែកនគរបាលខេត្តបាត់ដំបងបង្រ្កាបឃាត់ខ្លួនបានជនង្ស័យគ្រឿងញៀន៣នាក់ និងដកហូតបានវត្ថុតាងថ្នាំញៀនមួយចំនួនធំផងដែរ ។

ប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្លាំងនគរបាលខេត្តទាំង២ ក្រោយ ពីរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានប្រសិទ្ធភាពបំផុត ក្នុងផែនការអនុវត្ត រយៈពេល៦ ខែ ម្តងៗ។ គ្រឿងញៀនត្រូវគេមើលឃើញថាបាននិងរីករាលដាលពីទីក្រុងរហូតដល់ទីជនបទជនដែលប្រើប្រាស់គ្រឿងញៀនបានទៅប្រព្រឹត្តអំពើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃ កាប់សម្លាប់ ឳពុកម្តាយបង្កើត ប្រពន្ធកូន ខ្លួនឯង និងទៅប្រព្រឹត្តអំពើលួច ឆក់ ប្លន់ ជាដើមនោះ ដែលបង្កឱ្យប៉ះពាល់សន្តិសុខយ៉ាងធ្ងន់។

ករណីទី១ នៅខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជនសង្ស័យគ្រឿងញៀនប្រុសស្រី៧នាក់ ត្រូវបានកម្លាំងនគរបាលក្រុងសិរីសោភ័ណ បង្រ្កាបចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ២០១៦ ក្នុងភូមិសាស្រ្ត ក្រុងសរីសោភ័ណ ធ្វើការដកហូតបានថ្នាំញៀនមេតហ្វេតាមីនចំនួន៧កូនថង់តូច ស្មើនិងទម្ងន់៧.០៨ក្រាម ដាវសាំម៉ូរៃ១ដើម ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង ទូរស័ព្ទដៃ៥គ្រឿង ម៉ូតូ៤គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនធំផងដែរ។

ករណីទី២ នៅខេត្តបាត់ដំបង ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ជនសង្ស័យគ្រឿងញៀនចំនួន ៣នាក់ ត្រូវបាននគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនបាន ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាព លក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។សមត្ថកិច្ចធ្វើការឆែកឆេរដកហូតបានថ្នាំញៀនមេតំហ្វេតាមីនទឹកកកសរុប១៩ថង់តូច ស្មើនិងទម្ងន់៥៩.២២ក្រាម ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង ថង់សម្រាប់ច្រកចែករំលែកថ្នាំញៀន២ដុំ ទូរស័ព្ទដៃ៣គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ ។

ជនសង្ស័យគ្រឿងញៀនខាងលើ ក្រោយពីកម្លាំងនគរបាលការិយាល័យជំនាញ នៃខេត្តទាំង២បានសួរនាំតាមនីតិវីធីរួចហើយ ក៏ត្រូវបានកសាងសំណុំរឿង និងវត្ថុតាង ចាប់បញ្ជូនទៅកាន់តុលាការ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់នោះហើយ៕ សំ វិច្ឆិកា

img_7939 img_7901 img_7903 img_7937


ចែករំលែក៖