ព័ត៌មានទាន់ហេតុការណ៍៖

ទាក់ដៃចង្កូតម៉ូតូដួល រថយន្តដឹកខ្សាច់មកដល់កិនស្លាប់ម្នាក់ និងរបួស២នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចររវាងម៉ូតូ ២គ្រឿង បើកបញ្ច្រាសទិសគ្នា ហើយទាក់ដៃចង្កូតគ្នាបណ្ដាលដួល គាប់ជួនមានរថយន្តដឹកខ្សាច់បើកមកពីក្រោយ ក៏កិនបុរសម្នាក់ធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម និង ២នាក់ទៀតបានរបួសធ្ងន់ និងស្រាល ក្នុងនោះមានស្រីម្នាក់ កាលពីវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិឡកំបោ សង្ដាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ មួយគ្រឿង ម៉ាក និច ពណ៌ផ្កាឈូកលាយស ភ្នំពេញ 1GD-1259 ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ ស្រាប់តែមានម៉ូតូ មួយគ្រឿង ម៉ាក ស្មាស ជិះគ្នា ២នាក់ មិនចាំពណ៌ និងស្លាកលេខ បានធ្វើដំណើរពីត្បូងទៅជើង ហើយបានវ៉ារថយន្ត មួយគ្រឿង ក៏ជ្រុលទៅទាក់ដៃចង្កូតគ្នាបណ្ដាលឲ្យដួល ហើយក៏ត្រូវរថយន្តដឹកខ្សាច់ មួយគ្រឿង ម៉ាក នីសាន់ ពណ៌សលាយខៀវ ពាក់ស្លាកលេខ PP-0243 ដែលកំពុងបើកបរស្របទិសគ្នានោះ ក៏កិនពីលើបណ្តោយឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់ស្រាល ២នាក់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកកាន់មន្ទីរពេទ្យកាល់ម៉ែតផងដែរ ។

រថយន្តបង្កបានបើករត់គេចបានបន្តិច អ្នកបើកបរក៏ចុះពីលើរថយន្តរត់គេចខ្លួនដោយសុវត្ថិភាព។ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរជើងគោក ចុះមកវាស់វែងយករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

untitled-1


ចែករំលែក៖