ខេត្តឧត្តរមានជ័យ ៖ ស្ត្រីជាម្តាយបានយំសោកស្តាយស្រណោះកូនស្រីតូចយ៉ាងខ្លាំង បន្ទាប់ពីនាងជាប់រវល់ធ្វើកិច្ចការផ្ទះទុកកូន តូចឲ្យរត់លេងតែម្នាក់ឯង ហើយស្រាប់តែ នាងលង់ទឹកព្រះភូមិស្លាប់យ៉ាងអាណោច អាធ័ម កាលពីម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ។
អ្នកភូមិបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ ភិរម្យ ហាណា អាយុជាង២ខូប គឺកូន ដំបូងក្នុងគ្រួសារ ឪពុកឈ្មោះ រដ្ឋ ភិរម្យ អាយុ២៥ឆ្នាំ ម្តាយឈ្មោះ ហេង ស្រីនិច អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ ខាងលើ ។
ម្តាយក្មេងស្រីរងគ្រោះបានឲ្យសតម្ថកិច្ចដឹងថា មុនពេលកើតហេតុនាងកំពុងតែជាប់រវល់ធ្វើការងារនៅក្នុងផ្ទះ។ ចំណែកប្តីបាន ចេញទៅចម្ការ ដោយទុកកូនរត់លេងនៅ ខាងមុខផ្ទះតែម្នាក់ឯង។ នៅពេលធ្វើកិច្ចការផ្ទះរួចមិនឃើញកូន ក៏ដើរចេញមករកនៅជុំ វិញផ្ទះ ស្រាប់តែឃើញកូនលង់ទឹកព្រះភូមិស្លាប់បាត់ទៅហើយ។
នគរបាលស្រុកអន្លង់វែងបានប្រាប់ថា ក្រោយទទួលព័ត៌មានពីឪពុកម្តាយក្មេងរងគ្រោះរាយការណ៍មកថា កូនរបស់គាត់បានលង់ទឹកស្លាប់ សមត្ថកិច្ចបានចុះទៅពិនិត្យនៅកន្លែងកើតហេតុឃើញថា ក្មេងរងគ្រោះពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន រួចក៏បានប្រគល់សពឲ្យឪពុកម្តាយយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ សហការី