ខេត្តព្រះស៊ីហនុ ៖ នៅថ្ងៃនេះគឺថ្ងៃ ទី២៣ធ្នូពិធីបុណ្យសមុទ្រដ៏សរីករាយនឹង ចូលមកដល់ ប៉ុន្តែតម្លៃផ្ទះសំណាក់ ក៏ដូច ជាសណ្ឋាគារនៅក្រុងព្រះសីហនុបាន ហក់ឡើងខ្ពស់តាំងតែពីមួយខែមុន ដែល បញ្ហានេះត្រូវបានលោកផៃ ស៊ីផាន អ្នកនាំ ពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រីហៅថា ជា ទង្វើខ្វះសុជីវធម៌ ។
លោក ផៃ ស៊ីផាន បានប្រាប់ថា រាជរដ្ឋា ភិបាល ក៏ដូចជាក្រសួងទេសចរណ៍បាន ប្រឹងប្រែងយកអស់ពីសមត្ថភាព ដើម្បីធ្វើ ឲ្យពិធីបុណ្យសមុទ្រ ក្លាយជាពិធីដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរ ជាតិ ប៉ុន្តែអ្វីដែលខកចិត្តសម្រាប់ភ្ញៀវទេសចរ ក៏ដូចជារូបលោកនោះ គឺតម្លៃហក់ឡើងខ្ពស់ហួសពីការស្មានរបស់ផ្ទះសំណាក់ និង សណ្ឋាគារ, ដែលលោក បានហៅស្ថាន ភាពនេះថា ជាការបំបាក់មុខរាជរដ្ឋាភិបាល និងជាទង្វើខ្វះសុជីវធម៌ ។
បើតាមសេចក្ដីរាយការណ៍បានឲ្យដឹង ថា តម្លៃផ្ទះសំណាក់ដែលធ្លាប់យកមួយថ្ងៃ ១៥ដុល្លារ ពេលនេះបានហក់ឡើងដល់ពី៣០ឡើងទៅ៤០ដុល្លារ ចំណែកសណ្ឋា គារពី៣០ដុល្លារទៅ៧០ ឬ១០០ដុល្លារ ហើយអ្វីដែលសំខាន់នោះគឺ ពុំមានបន្ទប់ សណ្ឋាគារ ឬផ្ទះសំណាក់ សម្រាប់ស្នាក់ នៅតែម្ដង ។
ពាក់ព័ន្ធបញ្ហានេះ លោក តាំង វិចិត្រ គ្រិស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា កន្លងទៅខាងមន្ទីរ និងក្រសួងក៏ធ្លាប់ចុះអប់រំដល់ម្ចាស់ផ្ទះសំណាក់ និងសណ្ឋាការដែរ ដើម្បីឲ្យរក្សាតម្លៃ សមរម្យ ។ លោកថា បើទោះបីជា កម្ពុជា ជាប្រទេសប្រកាន់របបទីផ្សារសេរីមែន ប៉ុន្តែលោកនឹងព្យាយាមដើម្បីសម្រួលឲ្យ អស់ពីសមត្ថភាព ។
យ៉ាងណាក៏ដោយលោក ផៃ ស៊ីផាន បានស្នើដល់អាជ្ញាធរខេត្តព្រះសីហនុ គួរតែរកកន្លែងសាធារណៈណាមួយ ដើម្បីឲ្យពលរដ្ឋអាចបោះតង់កម្សាន្ត ក្នុងឱកាស បុណ្យសមុទ្រនោះផង ។ គួរបញ្ជាក់ថា បុណ្យសមុទ្រលើកទី៥នេះមានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ធ្នូ ដល់ថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៦ ធ្វើនៅក្រុងព្រះសីហនុ ។
ក្រៅពីបន្ទប់ផ្ទះសំណាក់និងសណ្ឋាគារឡើងថ្លៃនោះក៏មានតម្លៃម្ហូបអាហារក៏បានឡើងថ្លៃដូចគ្នាដែរ ។ បើតាមការអះអាង ពីប្រជាពលរដ្ឋថា ការឡើងថ្លៃបន្ទប់ផ្ទះ សំណាក់អាចនឹងបន្តរហូតដល់ឆ្លងឆ្នាំ សកលតែម្តង ៕ ឆ្លាមសមុទ្រ