ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌពោធិសែនជ័យ ចុះបង្ក្រាបចាប់សង្វៀនប្រជល់មសន២កន្លែង ក្នុងសង្កាត់ចោមចៅ

ចែករំលែក៖

ភ្នំពេញ ៖ ល្បែងសុីសងខុសច្បាប់ បើកលួចលេង ជាហូរហែរ នៅក្នុងភូមិសាស្រ្ត ទេកដីខណ្ឌពោធិ៍សែនជ័យ ដែលបង្កឲ្យ អសន្តិសុខ កើតមាននៅក្នុងមូលដ្ឋាន កើតមានក្តីព្រួយបារម្មណ៍របស់ប្រជាពលរដ្ឋ ផ្ទុយពីគោលការណ៍ លក្ខណៈសម្បត្តិ ភូមិ សង្កាត់មានសុវត្តិភាព ទើបអាជ្ញាធរខណ្ឌពោធិសែនជ័យ ដឹកនាំកម្លាំងសន្តិសុខសាលាខណ្ឌ ចុះបង្ក្រាបសង្វៀនប្រជល់មាន់ ចំនួន២កន្លែងផ្សេងគ្នានៅ ក្នុងទឹកដីសង្កាត់ចោមចៅ ដកហូតបាន មាន់ជល់ចំនួន៧ក្បាល ម៉ូតូចំនួន៤គ្រឿង និងសម្ភារៈមួយចំនួនទៀត កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នេះ ។

តានអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ដើម្បី រក្សាបាននូវ សន្តិសុខ សុវត្តិភាព ក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋ ទើបលោក ហែម ដារិទ្ធ អភិបាល និងជាគណអភិបាលខណ្ឌពោធិសែនជ័យ បញ្ជាផ្ទាល់ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបនល្បែងសុីសងខុសច្បាប់ខាងលើ ដែលបើកលេងដោយលួចលាក់ ។

ក្នុងកិច្ចការងារចុះបង្ក្រាប សម្រាប់រសៀលថ្ងៃទី២៤ ខែធ្នូ គោលដៅទី១ ស្ថិតនៅ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ដកហូតបាន សម្ភារៈ ដែលក្រុមអ្នកញៀនល្បែងប្រជល់មាន់បន្សល់ទុក មានតុ កៅអី សម្ភារៈ បាញ់អាប៉ោង និងរបស់របរមួយចំនួនទៀត បន្ទាប់ពីអ្នកលេងរត់ចែកជើងគ្នាបាត់អស់ ។ ហើយកម្លាំងបន្តចុះទៅបង្ក្រាបគោលដៅទី២ ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ជាប់ភូមិថ្មគោល ដកហូតបាន មាន់ជល់ចំនួន៧ក្បាល មូ៉តូចំនួន៤គ្រឿង សម្ភារៈបាញ់អាប៉ោង និងសម្ភារៈ មួយចំនួនទៀត ។

ទោះជាយ៉ាងណាក៏ដោយ ឃើញថា ការបើកលួចលេង ប្រជល់មាន់ អាប៉ោង កើតមានហូរហែរ នៅក្នុងមូលដ្ឋាន ហើយ កម្លាំងសមត្ថកិច្ច អាជ្ញាធរក៏ចុះបង្ក្រាបបានជាបន្តបន្ទាប់ ។ ល្បែងសុីសងខុសច្បាប់ទាំងនេះ ដែលបង្កឲ្យអសន្តិសុខក្នុងមូលដ្ឋាន ដែលប្រាស់ចាកពីលក្ខណៈសម្បត្តិ របស់ភូមិសង្កាត់មានសុវត្តិភាព ទើប អាជ្ញាធរ សមត្ថកិច្ច ចុះបង្ក្រាបជាហូរហែរ ។

សម្ភារៈ ជាវត្ថុតាង ក្នុងការប្រព្រឹត្តល្មើស ដែលអាជ្ញាធរដកហូតបាន ដឹកនាំយកទៅរក្សាទុកនៅ សាលាខណ្ឌពោធិ៍សែនជ័យ ចំណែក សង្វៀនត្រូវបានរុះរើចោល ៕ សុខាសែនជ័យ

image3 image1 image2


ចែករំលែក៖