ភ្នំពេញ៖សមត្ថកិច្ចនគរបាលខណ្ឌមានជ័យសហការនឹងកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវក្នុងករណីឃាតកម្មគិតទុកជាមុនលើកម្មករសំណង់ម្នាក់កាលពីវេលាម៉ោង៨និង៣០យប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចការដ្ឋានផ្ទះល្វែងកំពុងសាងសង់ ផ្លូវបេតុង ក្រុម២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ។ លុះដល់វេលាម៉ោង៨ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ជនដៃដល់ត្រូវបានឃាត់ខ្លួននៅចំណុចខាងលើ។
លោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌមានជ័យសហការកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងនិង នគរបាលប៉ុសិ្តរដ្ឋបាលចាក់អង្រែក្រោម បានធ្វើការស្រាវជ្រាវករណីឃាត់កម្មគិតទុកជាមុនឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ព្រឿង កុសល្យ ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះ មេក សុភ័ក្ត្រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកសំណង់ដូចគ្នា ស្នាក់នៅការដ្ឋានជាមួយគ្នា។
លោកអធិការរងដដែលបន្តថា ករណីនេះគឺផ្តើមចេញពីជនរងគ្រោះបានស្តីបន្ទោសទៅលើជនសង្ស័យថាស៊ីបាយមិនចេះលាងចាន និងធ្វើការមិនដិតដល់។ ការស្តីបន្ទោសនេះកាលពី៣ថ្ងៃមុនកើតហេតុ។ ក្នុងនោះសមត្ថកិច្ចយើងក៏បានដកហូតវត្ថុតាងកាំបិតបុ័ងតោគ្មានដង១ និងពូថៅដងឈើ១ផងដែរ។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់៕ តាឡឹម