ខេត្តប៉ៃលិន៖ មនុស្ស២នាក់បានរងរបួសធ្ងន់ ស្រាលបន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ជិះម៉ូតូបុកគ្នា ។ រងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តប៉ៃលិន។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៦និង២០នាទី ថ្ងៃទិី២៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្ថកិច្ចប្រាប់ថា ករណីនេះបង្កឡើងដោយម៉ូតូ ម៉ាក Dream C125 ពណ៌ខ្មៅ ស្លាកលេខ 1D-3270, បើកបរដោយឈ្មោះ ហ៊ួត ប៊ុនថន ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសស្រាលសន្លប់ បានបើកទៅបុកនឹងម៉ូតូម៉ាក Scoopy ពណ៌ ខៀវ លាយ ស ស្លាកលេខ 1AW-4645 បើកបរដោយ ឈ្មោះ សួង បរមី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិអូរច្រារ សង្កាត់ទូលល្វា ក្រុង ប៉ៃលិន ខេត្តប៉ៃលិន រងរបួសធ្ងន់។
មន្ត្រីនគរបាលចរាចរផ្លូវគោកស្រុកសាលាក្រៅបានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរនេះ បណ្ដាលមកពីកត្តាមនុស្សជិះម៉ូតូបត់មិនប្រុងប្រយ័ត្ន ត្រូវអ្នកជិះម៉ូតូមកពីក្រោយ ក្នុងល្បឿនលឿនគេចមិនទាន់ ជាន់ហ្វ្រាំងមិនជាប់ ក៏រេចង្កូតទៅបុកម៉ូតូ ដួលរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់តែម្តង ។
បច្ចុប្បន្ន ម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការស្រុកសាលាក្រៅដើម្បីរង់ចាំដោះស្រាយ ៕ ស សារ៉េត